Skip to content

ប្រជាសហគមន៍ក្នុងខេត្តព្រះវិហារអះអាងថា ការប្រើប្រាស់បណ្ណមូលនិធិសមធម៌សុខាភិបាលដើម្បីសម្រាលកូនពិតជាមានប្រសិទ្ធភាព

ប្រជាសហគមន៍ក្នុងខេត្តព្រះវិហារអះអាងថា ការប្រើប្រាស់បណ្ណមូលនិធិសមធម៌សុខាភិបាលដើម្បីសម្រាលកូនពិតជាមានប្រសិទ្ធភាព

លោក អេង ជេតថា ដែលបាននាំប្រពន្ធរបស់លោកទៅសម្រាកកូនដោយប្រើប្រាស់បណ្ណមូលនិធិសមធម៌សុខាភិបាល នៅមន្ទីរពេទ្យរវៀង បានប្រាប់​បៃតងប៉ុស្តិ៍ថា លោកបាននាំប្រពន្ធរបស់ខ្លួនទៅសម្រាលកូនកាលពីដើមខែ កក្កដាកន្លងទៅ​ដោយ​គ្រាន់តែបង្ហាញបណ្ណមូលនិធិសមធម៌ទៅកាន់មន្ត្រីសុខាភិបាលប្រចាំពេទ្យ​​នោះគឺគ្រូពេទ្យបានរៀបចំឱ្យប្រពន្ធរបស់លោកបានសម្រាលកូនដូចជាអ្នកដែលបង់ថ្លៃសេវាធម្មតាដែរ។ លោកបន្តថាកូនដែលប្រពន្ធបានសម្រាលកាលពីដើមខែកក្កដានេះគឺជាកូនទី២ហើយ ខណៈដែលកូន​ទី១​ដែល​​​លោកបាននាំប្រពន្ធទៅសម្រាលគឺត្រូវចំណាយសព្វបែបយ៉ាងជាពិសេសគឺសេវាសម្រាលនេះតែម្ដង ។

លោកឱ្យដឹងថាគាត់បានដំណឹងពីការធ្វើបណ្ណមូលនិធិសមធម៌នេះពីម្ដាយមីងរបស់លោក ហើយប្រពន្ធរបស់លោកបានធ្វើមុន ក្រោយមកលោកក៏បានធ្វើបណ្ណមូលនិធិសមធម៌សុខាភិបាលនេះដូចគ្នាដែរហើយក៏យកទៅ​​ប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋពិតជាប្រសិទ្ធភាពជាពិសេសពេលលោក និងប្រពន្ធមានបញ្ហាសុខភាព ជាក់​​ស្ដែងពេលដែលប្រពន្ធរបស់លោកទៅសម្រាលកូននេះតែម្ដង។

លោកក៏សូមថ្លែងអំណរគុណដល់ភាគីពាក់ពន្ធទាំងអស់ ដែលបានរៀបចំបង្កើតបណ្ណមូលនិធិសមធម៌សុខាភិ​បាលនេះឡើងឱ្យប្រជាពលរដ្ឋបានប្រើ​ប្រាស់ព្រោះថា បណ្ណនេះពិតជាបានជួយសម្រួលបន្ទុកចំណាយជាច្រើនសម្រាប់ប្រជាពលរដ្ឋជាពិសេសពេលមានជំងឺផ្សេងៗ។

អ្នកស្រី ជុំ ភេម ប្រធានសហគមន៍ភ្នំកេរ្តិ៍សាមគ្គីបានឱ្យដឹងថា អ្នកស្រីបានចុះផ្សព្វផ្សាយពីការធ្វើបណ្ណមូល​​និធិ​​សមធម៌សុខាភិបាលនេះនៅក្នុងឃុំរហ័ស  ស្រុករវៀង ខេត្តព្រះវិហារ កាលពីអំឡុងខែតុលាឆ្នាំ២០២៣ ហើយ​​នៅដើមឆ្នាំ២០២៤ អ្នកស្រីក៏បានទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាលចំនួន៩៤នាក់ចែកជូនប្រជាពលរដ្ឋដែលបានចុះឈ្មោះ​។ យ៉ាងនេះក្តីអ្នកស្រីទៅតែបន្តទទួលពាក្យស្នើសុំធ្វើបណ្ណមូលនិធិសមធម៌នេះទៀត ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានប្រើប្រាស់ទូលំទូលាយព្រោះអ្នកស្រីគិតថានេះជាការងារមនុស្ស​​ធម៌មួយដែលអ្នកស្រីអាចជួយប្រជាសហគមន៍បានតាមលទ្ធភាព។ អ្នកស្រីឱ្យដឹងថាតាមការសង្កេតរបស់អ្នកស្រីនៅពេលមានជំងឺឬ គ្រោះថ្នាក់ផ្សេងៗ គឺត្រូវចំណាយថ្លៃព្យាបាលច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ដូចនេះបណ្ណមូលនិធិសមធម៌សុខាភិបាលនេះអាចជួយសម្រួលបន្ទុកចំណាយនេះបាន។

ទាំងលោក​អេង ជេតថា ​និងអ្នកស្រី ជុំ ភេម បានឱ្យដឹងថា ដំបូងឡើយគឺមានការសួរនាំជាច្រើនជាពិសេសអាជ្ញាធរមូលដ្ឋានថាតើស្ថាប័នណាជាអ្នកឱ្យធ្វើបណ្ណនេះ ដោយមានការសង្ស័យថាគឺក្រុមអ្នកនយោបាយឬក្រុម​​អគតិផ្សេងៗ ប៉ុន្តែក្រោយពីមានការប្រកាសពីក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធស្តីពីការប្រើប្រាស់បណ្ណមូលនិធិស​មធម៌សុខាភិបាលនេះទើបអ្នកដែលបានសួរនាំនោះបានយល់។

មូលនិធិសមធម៌សុខាភិបាលបានដាក់ដំណើរការសាកល្បងនៅឆ្នាំ២០០០, បន្ទាប់មកបន្តគ្របដណ្តប់ដល់គ្រួសារ​​ក្រីក្រ មាន​បណ្ណសមធម៌នៅឆ្នាំ២០១៥ និងក្រុមគោលដៅនានាជាបន្តបន្ទាប់។ មូលនិធិសមធម៌សុខាភិបាលនេះ បានពង្រីកវិសាលភាព បន្តដល់គ្រួសារងាយរងហានិភ័យ។

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយ​​រង​​ហានិ​​ភ័យ ដោយគ្រប់ដណ្ដប់ពលរដ្ឋគោលដៅប្រមាណ ៥លាននាក់ នឹងអាចទៅពិនិត្យ និងព្យាបាលជំងឺដោយមិនចាំបាច់បង់ថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល នៅមូលដ្ឋានសុខាភិបាលសាធារណៈ ដោយរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួស ក្នុងនោះមានគ្រួសារងាយរងហានិភ័យចំនួនប្រមាណ ១លាន ៨សែននាក់, គ្រួសារក្រីក្រមានបណ្ណសមធម៌ចំនួនជាង៣លាននាក់, បុគ្គលបម្រើសេវាកំសាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ, កម្មករនិយោជិតក្រៅប្រព័ន្ធ និងក្រុមគោលដៅជាក់លាក់ រួមមានសមាគមម៉ូតូឌុប, រ៉ឺម៉កកង់បី, អ្នកធាក់ស៊ីក្លូ, បុគ្គលិកសម្អាតមីន, មេភូមិ អនុ-ភូមិ, ជំនួយការភូមិ, ក្រុមប្រឹក្សាឃុំ-សង្កាត់, និងកីឡាករ-កីឡាការិនីជម្រើសជាតិ ប្រមាណ ៨ម៉ឺននាក់ និងអ្នកផ្ទុកមេរោគអេសដ៍ប្រមាណ ៨ម៉ឺននាក់ បន្ថែមទៀត៕