គោលនយោបាយ
គោលនយោបាយគ្រប់គ្រងផ្ទៃក្នុងសមាគម
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) គឺជាសម្ព័ន្ធមូលដ្ឋានការងារក្នុងបុពហេតុដល់ការលើកកម្ពស់សិទ្ធិ សេចក្ដីថ្លៃថ្នូរ និងសុខុមាលភាពរបស់កសិករខ្នាតតូច ស្ត្រីនៅតាមជនបទ យុវជន និងសហគមន៍ដែលខ្វះខាតនៅទូទាំងប្រទេសកម្ពុជា។ អស់រយៈពេលជាងមួយទស្សវត្សរ៍មក CCFC បានដើរតួជាសំឡេងដ៏មានឥទ្ធិពលសម្រាប់ប្រជាជននៅតាមជនបទ ការពារសិទ្ធិដីធ្លី ការពារធនធានធម្មជាតិ លើកកម្ពស់ការការពារសង្គម និងការពង្រឹងការចូលរួមតាមបែបប្រជាធិបតេយ្យតាំងពីមូលដ្ឋាន។
យ៉ាងណាក៏ដោយ សហគមន៍ជនបទក្នុងប្រទេសកម្ពុជានៅតែបន្តប្រឈមមុខនឹងបញ្ហាយ៉ាងស៊ីជម្រៅ និងជាប្រព័ន្ធ៖ បញ្ហាដីធ្លី លទ្ធភាពទទួលបានធនធានធម្មជាតិមានកម្រិត កង្វះការការគាំពារសង្គម វិសមភាពយេនឌ័រ ការមិនបានគិតគូរដាក់បញ្ចូលទៅក្នុងប្រព័ន្ធឌីជីថល ការបំផ្លិចបំផ្លាញបរិស្ថាន និងការរឹតត្បិតលើសេរីភាពជាមូលដ្ឋាន។ ទោះបីជារដ្ឋធម្មនុញ្ញកម្ពុជា និងឯកសារគតិយុត្តិសិទ្ធិមនុស្សអន្តរជាតិធានាសិទ្ធិ និងការការពារជាមូលដ្ឋានក៏ដោយ ប៉ុន្តែទាំងនេះមិនត្រូវបានសម្រេចយ៉ាងពេញលេញនៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេនោះទេ។ ជាញឹកញាប់ពេក កសិករមិនត្រូវបានរាប់បញ្ចូលក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តដែលកំណត់ទីតាំងដី ជីវភាពរស់នៅ និងអនាគតរបស់ពួកគេ។
ផែនការយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) នេះមានចំណងជើងថា “ឆ្ពោះទៅសិទ្ធិកសិករ និងគាំពារសង្គម” គឺផ្អែកលើបទពិសោធជីវិតពិត អាទិភាព និងការតស៊ូរួមគ្នារបស់សហគមន៍កសិករកម្ពុជា ដែលនេះជាផែនទីបង្ហាញពីផ្លូវមួយសម្រាប់កិច្ចខិតខំប្រឹងប្រែងបន្តរបស់ CCFC ក្នុងការពង្រឹងការរៀបចំមូលដ្ឋាន ជំរុញបរិស្ថានវិទ្យា និងជីវភាពរស់នៅប្រកបដោយនិរន្តរភាព លើកកម្ពស់កិច្ចគាំពារសង្គមរួម ធ្វើឱ្យស៊ីជម្រៅនូវការចូលរួមរបស់ប្រជាពលរដ្ឋ និងតស៊ូមតិសម្រាប់អាកាសធាតុ និងយុត្តិធម៌បរិស្ថាន។
"ផែនការយុទ្ធសាស្ត្រនេះគឺលើសពីឯកសារណែនាំមួយ វាគឺជាការប្តេជ្ញាចិត្តរួមគ្នាចំពោះយុត្តិធម៌ សេចក្ដីថ្លៃថ្នូរ និងសុខុមាលភាពយូរអង្វែងរបស់សហគមន៍ជនបទរបស់កម្ពុជា។ ក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ យើងនឹងបន្តឈរក្បែរកសិករ ស្ត្រីជនបទ និងយុវជន ដើម្បីធានាបាននូវសំឡេងរបស់ពួកគេត្រូវបានឮ សិទ្ធិរបស់ពួកគេត្រូវបានការពារ ហើយជីវិតរបស់ពួកគេត្រូវបានកែលម្អ ដោយយើងរួមគ្នានឹងឈរយ៉ាងរឹងមាំដើម្បីដីធ្លី ជីវិត និងសេរីភាព»។
យុទ្ធសាស្ត្រនេះបង្កើតឡើងនៅលើមេរៀនពីអតីតកាល ឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងរៀបចំសម្រាប់អនាគតដែលកសិករត្រូវបានផ្តល់សិទ្ធិអំណាច ការការពារ និងការគោរព តាមរយៈការរៀបចំ ការអប់រំ ការតស៊ូមតិ និងភាពជាដៃគូរសមាគម បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកសាងប្រទេសកម្ពុជាប្រកបដោយយុត្តិធម៌ និងបរិយាប័ន្នដោយគ្មានកសិករណាម្នាក់ត្រូវបានបន្សល់ទុក ហើយសំឡេងនីមួយៗត្រូវបានរាប់បញ្ចូល។