របាយការណ៍សង្ខេបស្តីពីការអនុវត្តគម្រោង «ឆ្ពោះទៅរកសិទ្ធិកសិករ និងគាំពារសង្គម»
បាយការណ៍សង្ខេបស្តីពីការអនុវត្តគម្រោង «ឆ្ពោះទៅរកសិទ្ធិកសិករ និងគាំពារសង្គម» ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីវឌ្ឍនភាព លទ្ធផលសម្រេចបាន បញ្ហាប្រឈម មេរៀនរៀនសូត្រ និងផលប៉ះពាល់នៃការអនុវត្តគម្រោង ក្នុងរយៈពេលពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ របាយការណ៍នេះក៏មានគោលបំណងបង្ហាញពីប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ការគ្រប់គ្រងគម្រោង និងការរួមចំណែករបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ក្នុងការលើកកម្ពស់សិទ្ធិ ការពារផលប្រយោជន៍ និងការកែលម្អជីវភាពរស់នៅរបស់ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ក្នុងវិស័យកសិ-ស្បៀងអាហារ/វិស័យកសិកម្ម ជាពិសេសកសិករ ស្ត្រីជនបទ និងយុវកសិករ។
ក្នុងអំឡុងពេលអនុវត្តគម្រោង សមាគមបានសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ អាជ្ញាធរមូលដ្ឋាន ស្ថាប័នរដ្ឋ អង្គការដៃគូ និងម្ចាស់ជំនួយ ដើម្បីអនុវត្តសកម្មភាពសំខាន់ៗលើការចងក្រង និងពង្រឹងសហគមន៍ ការកសាងសមត្ថភាព ការពង្រឹងសិទ្ធិអំណាចសេដ្ឋកិច្ច ការលើកកម្ពស់ការទទួលបានប្រព័ន្ធគាំពារសង្គម ការការពារសិទ្ធិដីធ្លី ការតស៊ូមតិផ្អែកលើភស្តុតាង និងការអភិវឌ្ឍស្ថាប័ន។ សកម្មភាពទាំងនេះបានបង្កើតការផ្លាស់ប្តូរជាក់ស្តែងលើសមត្ថភាព ជីវភាពរស់នៅ និងការចូលរួមរបស់ក្រុមគោលដៅក្នុងការអភិវឌ្ឍសហគមន៍ និងការសម្រេចចិត្តនៅថ្នាក់មូលដ្ឋាន។
របាយការណ៍នេះបានបង្ហាញថា គម្រោងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានពង្រឹងសមត្ថភាពប្រជាពលរដ្ឋ ៧,១៤៣ នាក់ ពង្រឹង ១០៨ សហគមន៍ និងក្រុម គាំទ្រការទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាល (HEF) សម្រាប់ ៣,៦៧៦ នាក់ ជួយឱ្យ ១,៧១៨ គ្រួសារ អាចប្រើប្រាស់ដីកសិកម្មរបស់ខ្លួនឡើងវិញ និងគាំទ្រការដោះស្រាយបញ្ហាដីធ្លីសម្រាប់ ១៥ គ្រួសារ ព្រមទាំងពង្រីកការយល់ដឹងជាសាធារណៈតាមរយៈការផលិត និងផ្សព្វផ្សាយមាតិកាព័ត៌មានចំនួន ៤០០ មាតិកា។ លទ្ធផលទាំងនេះបានរួមចំណែកលើកកម្ពស់សិទ្ធិកសិករ ពង្រីកការទទួលបានប្រព័ន្ធគាំពារសង្គម កែលម្អសន្តិសុខសេដ្ឋកិច្ច និងបង្កើនភាពធន់របស់សហគមន៍ចំពោះការប្រែប្រួលសេដ្ឋកិច្ច និងអាកាសធាតុ។
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ អង្គការដៃគូ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បណ្តាញសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងជាពិសេសសហគមន៍កសិករ ស្ត្រីជនបទ និងយុវកសិករ ដែលបានចូលរួមយ៉ាងសកម្ម និងផ្តល់ការគាំទ្រក្នុងការអនុវត្តគម្រោងរហូតទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព។
សមាគមប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ពង្រីកការគាំទ្រដល់ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ក្នុងវិស័យកសិ-ស្បៀងអាហារ/វិស័យកសិកម្ម និងជំរុញការអនុវត្តគោលនយោបាយដែលធានាការការពារសិទ្ធិ ការលើកកម្ពស់ជីវភាពរស់នៅ ការពង្រីកប្រព័ន្ធគាំពារសង្គម និងការអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាបន្ន ភាពធន់ និងនិរន្តរភាព ស្របតាមគោលដៅអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
សូមទាញយករបាយការណ៍ពេញនៃតំណភ្ជាប់៖ CCFC- Reports-6 Mouths-2026