ការពង្រឹងភាពអង់អាចសហគមន៍អំពីសិទ្ធី និងច្បាប់ដីធ្លី
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ដោយមានការគាំទ្រថវិកាពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) បានអនុវត្តគម្រោង «ពង្រឹងភាពអង់អាចសហគមន៍អំពីសិទ្ធិ និងច្បាប់ដីធ្លី» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង សមត្ថភាព និងភាពអង់អាចរបស់សហគមន៍ ជាពិសេសប្រជាកសិករ ស្ត្រីជនបទ យុវកសិករ និងក្រុមជនជាតិដើមភាគតិច ឱ្យយល់ដឹង និងអនុវត្តសិទ្ធិរបស់ខ្លួនពាក់ព័ន្ធនឹងការកាន់កាប់ ការគ្រប់គ្រង និងការប្រើប្រាស់ដីធ្លី ស្របតាមច្បាប់ជាតិ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងស្របតាមគោលការណ៍សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លី។
គម្រោងនេះផ្តោតលើការកសាង សហគមន៍លើសិទ្ធិ និងច្បាប់ដីធ្លី ដើម្បីពង្រឹងសមត្ថភាពសហគមន៍ក្នុងការប្រើប្រាស់យន្តការស្របច្បាប់ ការចូលរួមក្នុងដំណើរការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីដោយសន្តិវិធី និងការធ្វើតស៊ូមតិផ្អែកលើភស្តុតាង។ ទន្ទឹមនឹងនេះ គម្រោងក៏លើកកម្ពស់ការគ្រប់គ្រង និងការប្រើប្រាស់ដីធ្លីប្រកបដោយនិរន្តភាព ការការពារធនធានធម្មជាតិ ការកសាងបរិយាកាសគ្មានវិវាទដីធ្លី និងការជំរុញគោលនយោបាយដីធ្លីដែលផ្អែកលើសិទ្ធិ និងច្បាប់អន្តរជាតិ តាមរយៈការពង្រឹងកិច្ចសហការរវាងសហគមន៍ អាជ្ញាធរ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍។
ក្នុងអំឡុងពេលអនុវត្តគម្រោង សហគមន៍គោលដៅបានបង្កើនការយល់ដឹងអំពីច្បាប់ដីធ្លី នីតិវិធីចុះបញ្ជីដីធ្លី និងយន្តការដោះស្រាយវិវាទ។ ថ្នាក់ដឹកនាំសហគមន៍ ស្ត្រីជនបទ និងយុវកសិករ បានបង្កើនសមត្ថភាពក្នុងការរៀបចំផែនការសកម្មភាព ប្រមូលភស្តុតាង សម្របសម្រួលកិច្ចពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន និងចូលរួមតស៊ូមតិប្រកបដោយសន្តិវិធី។ ជាមួយគ្នានេះ គម្រោងក៏បានពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍ អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការគ្រប់គ្រងដីធ្លីប្រកបដោយតម្លាភាព គណនេយ្យភាព និងការចូលរួមពីគ្រប់ភាគី។
ជាពិសេស ក្នុងពេលបច្ចុប្បន្ន ការរួមចំណែកពីស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងសហគមន៍ តាមរយៈវេទិកាសាធារណៈ កិច្ចសន្ទនា ការចរចា និងការកសាងសមត្ថភាព បានជួយជំរុញការដោះស្រាយបញ្ហាដីធ្លីតាមយន្តការស្របច្បាប់ និងដោយសន្តិវិធី។ ជាលទ្ធផល ចរន្តនៃការប្រមូលផ្តុំតវ៉ាពាក់ព័ន្ធនឹងសិទ្ធិដីធ្លីបានថយចុះជាងមុន ដោយសារសហគមន៍មានឱកាសកាន់តែច្រើនក្នុងការលើកយកបញ្ហាទៅពិភាក្សា និងស្វែងរកដំណោះស្រាយជាមួយអាជ្ញាធរតាមយន្តការដែលមានស្រាប់។ ការផ្លាស់ប្តូរនេះបានរួមចំណែករក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ពង្រឹងទំនុកចិត្តរវាងសហគមន៍ និងអាជ្ញាធរ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការគ្រប់គ្រងដីធ្លីប្រកបដោយយុត្តិធម៌ និងនិរន្តភាព។
ដោយសារប្រជាពលរដ្ឋនៅតំបន់ជនបទ ភាគច្រើនពឹងផ្អែកលើដីធ្លីសម្រាប់ការផលិតកសិកម្ម និងជីវភាពរស់នៅ គម្រោងនេះបានរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដូចជា ការរំលោភបំពានលើដីធ្លី ការផ្លាស់ទីលំនៅដោយបង្ខំ ការរំលោភសិទ្ធិកាន់កាប់ និងការខ្វះការយល់ដឹងអំពីច្បាប់ដីធ្លី។ តាមរយៈការកសាងសមត្ថភាព និងការលើកកម្ពស់ការចូលរួមរបស់សហគមន៍ គម្រោងបានបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់ការគ្រប់គ្រងដីធ្លីប្រកបដោយតម្លាភាព យុត្តិធម៌ បរិយាបន្ន និងនិរន្តភាព ដែលរួមចំណែកដល់ការលើកកម្ពស់ជីវភាព សន្តិសុខស្បៀង និងការអភិវឌ្ឍជនបទប្រកបដោយចីរភាពនៅកម្ពុជា។
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានអនុវត្តគម្រោង«ការពង្រឹងភាពអង់អាចសហគមន៍អំពីសិទ្ធី និងច្បាប់ដីធ្លី» ជាមួយក្រុមគោលដៅដែលជាសមាជិក សមាជិការសមាគមនៅតាមសហគមន៍គោលដៅរហូតទទួលបានអ្នកចូលរួមក្នុងគម្រោងសរុបចំនួន ៥២៥៩ នាក់ ក្នុងនោះមានអ្នកចូលរួមជាស្ត្រី ២៨៨២នាក់ និងអ្នកចូលរួមជាយុវកសិករចំនួន ៥៥៥ នាក់ ដែលស្ថិតនៅក្នុងខេត្តគោលដៅ ចំនួន ១៤ រួមមាន៖ ក្រចេះ,ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង, កណ្ដាល,កំពង់ចាម,កំពង់ធំ, កំពត,តាកែវ, កោះកុង, ព្រះសីហនុ, កំពង់ស្ពឺ, សៀមរាប, និងព្រះវិហារ ។ គម្រោងនេះបានធ្វើការយ៉ាងសកម្មដោយផ្ទាល់ដល់សហគមន៍ដីធ្លីចំនួន ១១៩ សហគមន៍/ក្រុម ៦៥សហគមន៍ ក្រុមស្ត្រីជនបទចំនួន ៤២ ក្រុមយុវកសិករចំនួន ១ និងបណ្ដាញកសិករថ្នាក់ខេត្តចំនួន ៥ខេត្ត បណ្ដាញស្រ្តីជនបទថ្នាក់ខេត្តចំនួន ១ និងក្រុមសន្សំ៦ ដោយពួកគេបានចូលរួមយ៉ាងសកម្មជាមួយសហគមន៍មូលដ្ឋាន តាមរយៈកិច្ចប្រជុំ ការបណ្ដុះបណ្ដាល សិក្ខាសាលា ការពិគ្រោះយោបល់ ការសន្ទនាសង្គម យុទ្ធនាការតស៊ូមតិ និងវេទិកាសាធារណៈដើម្បីពង្រឹងចំណេះដឹងនិងការយល់ដឹងអំពីសិទ្ធិជាមូលដ្ឋាននិងច្បាប់ដីធ្លីនៅក្នុងប្រទេសកម្ពុជា។