ទិវាអន្តរជាតិនៃស្ត្រីជនបទឆ្នាំ២០២៥ស្ដីពី គាំពារសង្គម ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌ និងសកម្មភាពបរិស្ថាន
នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ កម្ពុជាបានប្រារព្ធ ទិវាអន្តរជាតិនៃស្ត្រីជនបទឆ្នាំ២០២៥ យ៉ាងផុសផុលនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្រោមមូលបទដ៏មានអត្ថន័យថា “គាំពារសង្គម ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌ និងសកម្មភាពបរិស្ថាន”។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាកិច្ចសហការដ៏រឹងមាំរវាង សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC), អង្គការបន្ទាយស្រី (BS) និង សហភាពការងារកម្ពុជា (CLC) ដែលទទួលបានការគាំទ្រថវិកាដ៏សំខាន់ពីអង្គការអុកស្វាមកម្ពុជា (Oxfam in Cambodia)។
វេទិកាប្រចាំឆ្នាំថ្នាក់តំបន់នេះ បានប្រមូលផ្តុំអ្នកចូលរួមសរុបប្រមាណ ជិត ៤០០នាក់ ដែលភាគច្រើនជា កម្មករ កសិករ យុវកសិករ និងស្ត្រីជនបទ រួមជាមួយនឹងថ្នាក់ដឹកនាំសហគមន៍ តំណាងកម្មករនិយោជិត តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នកឯកទេស និងអ្នកតាក់តែងគោលនយោបាយ ដើម្បីរួមគ្នាពិភាក្សា និងស្វែងរកដំណោះស្រាយជាក់ស្តែង ក្នុងគោលដៅពង្រឹងប្រព័ន្ធសន្តិសុខសង្គមកម្ពុជាឲ្យកាន់តែមានភាពគណនេយ្យភាព និងបរិយាបន្ន។
ពេញមួយថ្ងៃនៃកម្មវិធី វេទិកានេះបានផ្តោតសំខាន់លើការស្វែងរកដំណោះស្រាយសម្រាប់ធានាបាននូវការងារ មុខរបរ និងការគាំពារសង្គម ដើម្បីសម្រេចបាននូវអន្តរកាលប្រកបដោយយុត្តិធម៌។ ក្នុងនោះ សកម្មភាពគួរឲ្យកត់សម្គាល់មានដូចជា ការតាំងបង្ហាញផលិតផលកសិករ ដែលបានលើកបង្ហាញពីកសិផលប្រើប្រាស់ជីធម្មជាតិ និងជាមិត្តនឹងបរិស្ថាន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះនិរន្តរភាពបរិស្ថាន និងសុវត្ថិភាពស្បៀង។ ជាងនេះទៅទៀត ការសម្ដែងរឿងខ្លី «ជីវិតខ្ញុំ ការប្រែប្រួលអកាសធាតុ និងគាំពារសង្គម» ក៏បានបន្លឺសំឡេងពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុមកលើជីវភាពក្រុមងាយរងគ្រោះ និងកម្មករ។ ជាមួយគ្នានោះដែរ កិច្ចពិភាក្សាយ៉ាងស៊ីជម្រៅក៏បានបង្ហាញពីបញ្ហាប្រឈមជាក់ស្តែងដូចជា ការមិនទទួលបានព័ត៌មានច្បាស់លាស់ពីប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងការធានារ៉ាប់រងសុខភាពនៅតាមសហគមន៍ ដែលជាឧបសគ្គដ៏ធំចំពោះការទទួលបានសេវាគាំពារសង្គមដោយសមធម៌។
ថ្លែងនៅក្នុងពិធីនេះ តំណាងសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានសង្កត់ធ្ងន់ថា៖ “ទិវានេះជាឱកាសឲ្យយើងបន្លឺសំឡេងស្ត្រីជនបទអំពីតម្រូវការជាក់ស្តែងរបស់ពួកគាត់ ក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម ដើម្បីជួយពួកគាត់ឲ្យរស់នៅបានរឹងមាំ និងធន់ជាមួយនឹងការប្រែប្រួលអាកាសធាតុ។ ការគាំពារសង្គមដែលរឹងមាំគឺសមធម៌ បរិយាបន្ន និងសេចក្តីថ្លៃថ្នូរ សម្រាប់កម្មករ កសិករដែលកំពុងធ្វើការ និងប្រកបមុខរបរ។ ការលើកកម្ពស់សេដ្ឋកិច្ចសង្គម សេវាសង្គម ពិសេស ការគិតគូរការឆ្លើយតបយេនឌ័រ ការអភិវឌ្ឍជំនាញការងារថ្មី និងការការពារមុខរបរប្រកបដោយនិរន្តរភាព គឺជាដំណើរការនៃការប្រតិបត្តិមួយយ៉ាងសកម្មក្នុងការឆ្ពោះទៅដោះស្រាយលើមូលធនមនុស្ស និងជីវភាពរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ នៅក្នុងដំណើរការនៃអន្តរកាលយុត្តិធម៌។”
តាមរយៈការកំណត់គោលបំណងសំខាន់ៗ ដូចជាការអបអរសាទរ និងទទួលស្គាល់តួនាទីរបស់ស្ត្រីជនបទក្នុងការអភិវឌ្ឍន៍ជនបទ, ការបង្កើតវេទិកាកិច្ចសន្ទនាគោលនយោបាយ, និងការពង្រឹងភាពជាដៃគូជាមួយរដ្ឋាភិបាល នោះសហការីទាំងអស់សង្ឃឹមយ៉ាងមុតមាំថា លទ្ធផលនៃការពិភាក្សានៅក្នុងទិវានេះ នឹងក្លាយជាធាតុចូលដ៏មានតម្លៃដល់រាជរដ្ឋាភិបាល ក្នុងការអនុវត្តន៍គោលនយោបាយគាំពារសង្គមប្រកបដោយបរិយាបន្ន និងមានយុត្តិធម៌សម្រាប់ស្ត្រីជនបទ និងយុវកសិករនៅទូទាំងប្រទេស។





