រំលងទៅមាតិកា

ស្រ្តីដែលប្រើប្រាស់បណ្ណមូលនិធិសមធម៌សុខាភិបាលដើម្បីសម្រាលកូនអះអាងថា ប័ណ្ណនេះពិតជាមានប្រសិទ្ធភាព

ស្រ្តីដែលប្រើប្រាស់បណ្ណមូលនិធិសមធម៌សុខាភិបាលដើម្បីសម្រាលកូនអះអាងថា ប័ណ្ណនេះពិតជាមានប្រសិទ្ធភាព

អត្ថបទ៖ កែវ រតនៈ

មូលនិធិសមធម៌សុខាភិបាលបានដាក់ដំណើរការសាកល្បងនៅឆ្នាំ២០០០, បន្ទាប់មកបន្តគ្របដណ្តប់ដល់គ្រួសារ​​​ក្រីក្រ មាន​បណ្ណសមធម៌នៅឆ្នាំ២០១៥ និងក្រុមគោលដៅនានាជាបន្តបន្ទាប់។ មូលនិធិសមធម៌សុខា​​ភិបាល​​នេះ បានពង្រីកវិសាលភាព បន្តដល់គ្រួសារងាយរងហានិភ័យ។

 

ករណីនេះស្ត្រីដែលបានប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលដើម្បីសម្រាលកូនមួយរូបឈ្មោះ​ អាន់ អឿន រស់​​នៅក្នុងភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រាប់បៃតងប៉ុស្តិ៍ថា មុនពេលសម្រាលកូនទី៤នេះគឺគាត់មានកូន៣នាក់ដែលការសម្រាលកូនមុនៗគឺត្រូវចំណាយសព្វមុខទាំងថ្លៃសេវាសម្រាល​និងថ្លៃចំណាយផ្សេងៗទៀតដែលធ្វើឱ្យជីវភាពរបស់គាត់មានការលំបាក។ ស្រ្តីរូបនេះបន្តថា ក្រោយពីប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលដើម្បីសម្រាលកូនទី៤នេះគឺ កាត់បន្ថយចំណាយថ្លៃសេវាសម្រាលដោយគ្រាន់​​តែចំណាយលើថ្លៃហូបចុក និងធ្វើដំណើរប៉ុណ្ណោះ។

 

លោក ឆេង ឆូយ រស់នៅក្នុងភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បាននាំប្រពន្ធរបស់គាត់ទៅសម្រាលកូននៅមន្ទីរពេទ្យមួយនៅក្នុងស្រុកឆ្លូងខេត្តក្រចេះកាលពីប្រមាណ៧ខែមុន ដោយប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ។ លោកបានប្រាប់ឱ្យដឹងថា នៅពេលដែលលោកបង្ហាញប័ណ្ណមូលនិធិសមធម៌សុខាភិបាលទៅកាន់បុគ្គលិកពេទ្យ គឺគេបានរៀបចំឱ្យប្រពន្ធរបស់លោកសម្រាលកូនដូចអ្នកដែលទៅទទួលសេវាសម្រាលកូន ដោយប្រើប្រាស់ប្រាក់ដើម្បីទូទាត់ជាមួយពេទ្យផងដែរគឺមិនមានការរើសអើងអ្វីនោះទេ។ លោកអះអាងថាប័ណ្ណមូលនិធិសមធម៌សុខាភិបាលនេះបានជួយសម្រួលដល់ជីវភាពលោកមួយកម្រិត ព្រោះនៅពេលដែលប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលគឺអាចទទួលបានសេវាសុខាភិបាលដោយមិនចាំបាច់បង់ប្រាក់នៅគ្រប់មន្ទីរពេទ្យរបស់រដ្ឋ។

 

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​​កម្ពុជា ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារ​ងាយរងហានិភ័យ ដោយគ្រប់ដណ្ដប់ពលរដ្ឋគោលដៅប្រមាណ ៥លាននាក់ នឹងអាចទៅពិនិត្យ និងព្យាបាល​​ជំងឺដោយមិនចាំបាច់បង់ថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល នៅមូលដ្ឋានសុខាភិបាល​សាធារណៈ ដោយរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួស ក្នុងនោះមានគ្រួសារងាយរងហានិភ័យចំនួនប្រមាណ ១លាន ៨សែននាក់, គ្រួសារក្រីក្រមានបណ្ណសមធម៌ចំនួនជាង៣លាននាក់, បុគ្គលបម្រើសេវាកំសាន្ត​​ទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ, កម្មករនិយោជិតក្រៅប្រព័ន្ធ និងក្រុមគោលដៅជាក់លាក់ រួមមានសមាគមម៉ូតូឌុប, រ៉ឺម៉កកង់បី, អ្នកធាក់ស៊ីក្លូ, បុគ្គលិកសម្អាតមីន, មេភូមិ អនុ-ភូមិ, ជំនួយការភូមិ, ក្រុមប្រឹក្សាឃុំ-សង្កាត់, និងកីឡាករ-កីឡាការិនីជម្រើសជាតិ ប្រមាណ ៨ម៉ឺននាក់ និងអ្នកផ្ទុកមេរោគអេសដ៍ប្រមាណ ៨ម៉ឺននាក់ បន្ថែមទៀត។

គួរបញ្ជាក់ថា មិនមែនមានតែផ្នែកសម្រាលកូនមួយទេដែលត្រូវបានមន្ទីរពេទ្យរដ្ឋអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប័ណ្ណមូលនិធិសុខាភិបាលដើម្បីទូទាត់ដោយមិនបង់ប្រាក់​ ជាក់ស្ដែងគឺមានប្រជាពលរដ្ឋជាច្រើនដែលប្រើប្រាស់ប័ណ្ណដែលមានពណ៌លឿងទុំ និងពណ៌ស្វាយនេះដើម្បីទទួលសេវាសុខាភិបាលដូចជាគ្រោះថា្នក់ចរាចរណ៍ ឬពិនិត្យសុខភាពជាដើម៕