រំលងទៅមាតិកា

ភាពជាដៃគូរសហគមន៍លើសកម្មភាពបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ

ភាពជាដៃគូរសហគមន៍លើសកម្មភាពបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ
នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាត្តិ ឲ្យក្រុមការងារសមាគមបានចូលជួបសម្ដែងការគួរសម និងជជែកពិភាក្សាកិច្ចសហការលើការអនុវត្តន៍គម្រោង«ភាពជាដៃគូរសហគមន៍លើសកម្មភាពបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ» ក្នុងគោលបំណងបង្កើនការពង្រឹងរចនាសម្ព័ន្ធសហគមន៍ដូចជា គណៈកម្មការសហគមន៍ ក្រុមស្ត្រីជនបទ ក្រុមយុវកសិករ និងបង្កើនការយល់ដឹងអំពី សារសំខាន់នៃការអនុវត្តប្រកបដោយនិរន្តរភាពបរិស្ថានបៃតង និងការបន្សាំការបម្រែបម្រួលអាកាសធាតុ។ ការកសាងសមត្ថភាពជំនាញ ចំណេះដឹង និងធនធានរបស់សមាជិក តាមសហគមន៍មូលដ្ឋានដើម្បីដោះស្រាយបញ្ហាបរិស្ថាន និងបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។ បង្កើនសកម្មភាពចូលរួមរបស់សហគមមន៍ និងការលើកកម្ពស់ការការចូលរួមអនុវត្តសកម្មភាពការងារបរិស្ថានបៃតង ក្នុងសហគមន៍តាមរយៈការផ្សព្វផ្សាយក្រមបរិស្ថានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងក្របខណ្ឌគោលនយោបាយពាក់ព័ន្ធជាមួយការធ្វើកសិកម្មស្តារឡើងវិញ ការបង្ការការទន្រ្ទានយកដីធ្លី និងការពារជីវចម្រុះ ធនធានធម្មជាតិ លើយន្តការជាតិស្ដីពីបរិស្ថានបៃតងដោយមានការចូលរួមគ្រប់ភាគីដៃគូរពាក់ព័ន្ធ។
 
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ប្តេជ្ញាជំរុញសកម្មភាពផ្លាស់ប្ដូរអាកាសធាតុ តាមរយៈភាពជាដៃគូសហគមន៍ដ៏រឹងមាំខណៈសំណើនេះគម្រោងស្ដីពី «ភាពជាដៃគូរសហគមន៍សកម្មភាពបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ»ត្រូវបានរៀបចំឡើងដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃការប្រែប្រួលអាកាសធាតុដោយប្រើប្រាស់ចំណុចខ្លាំងរបស់សហគមន៍មូលដ្ឋានក្នុងគោលបំណង និងទិសដៅ ដូចខាងក្រោមៈ សមាគមអនុវត្តន៍គម្រោងរយ:ពេល ១ឆ្នាំដោយរំពឹងថាសម្រេចបានលទ្ធផលចំនួន៣ធំៗ ដែលស្របតាមផែនការយុទ្ធសាស្រ្តសមាគមដូចខាងក្រោម៖
  • បង្កើនការពង្រឹងរចនាសម្ព័ន្ធសហគមន៍ដូចជា គណៈកម្មការសហគមន៍ ក្រុមស្ត្រីជនបទ ក្រុមយុវកសិករ និងបង្កើនការយល់ដឹងអំពី សារសំខាន់នៃការអនុវត្តប្រកបដោយនិរន្តរភាពបរិស្ថានបៃតង និងការបន្សាំការបម្រែបម្រួលអាកាសធាតុ។
  • កសាងសមត្ថភាពជំនាញ ចំណេះដឹង និងធនធានរបស់សមាជិក តាមសហគមន៍មូលដ្ឋានដើម្បីដោះស្រាយបញ្ហាបរិស្ថាន និងបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។
  • លើកកម្ពស់ការយល់ដឹងផលប៉ះពាល់អំពីការ ការផ្សព្វផ្សាយក្រមបរិស្ថាន យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងក្របខណ្ឌគោលនយោបាយពាក់ព័ន្ធ បំផ្លាញធនធានធម្មជាតិ ការទន្រ្ទាន និងប្រើប្រាស់ដីធ្លីតំបន់ការពារ ការធ្វើសកម្មភាពល្បាត ការធ្វើកសិកម្មស្ថារឡើងវិញ ក៏ដូចជាការផ្តល់ការគាំទ្រគ្រាប់ពូជ ពូជសត្វ ជាមួយការជម្រុញ ឲ្យអនុវត្តន៍កសិកម្មតាមប្រព័ន្ធក្សេតបរិស្ថាន និងអធិបតេយ្យភាពស្បៀងអាហារសហគមន៍ក្នុងជួយថែរក្សាបានបរិស្ថាន និងធនធានធម្មជាតិប្រកដោយនិរន្តភាព។

 

ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើសហគមន៍ជនបទក្នុងប្រទេសកម្ពុជា កំពុងរងគ្រោះដោយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលគំរាមកំហែងដល់ជីវភាពរស់នៅ សន្តិសុខស្បៀង និងសុខុមាលភាពទូទៅរបស់ពួកគេ ខណៈការកើនឡើងនៃភាពញឹកញាប់ និងអាំងតង់ស៊ីតេនៃព្រឹត្តិការណ៍អាកាសធាតុខ្លាំង ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត រំខានដល់ផលិតកម្មកសិកម្ម ដែលជាប្រភពចំណូលចម្បងសម្រាប់គ្រួសារនៅតាមជនបទជាច្រើន ហើយការផ្លាស់ប្ដូរទាំងនេះក៏នាំទៅដល់ការរិករិលនៃធនធានធម្មជាតិ រួមទាំងភាពមានជីជាតិរបស់ដី និងលទ្ធភាពទទួលបានទឹក ធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវភាពក្រីក្រ និងអសន្តិសុខស្បៀងដែលសហគមន៍អាស្រ័យផលផងដែរ។ លើសពីនេះ ការប្រែប្រួលអាកាសធាតុបង្កហានិភ័យដល់សុខភាពយ៉ាងសំខាន់តាមរយៈការរីករាលដាលនៃជំងឺដែលឆ្លងតាមទឹក និងដោយវ៉ិចទ័រ ការបាត់បង់ជីវៈចម្រុះ និងសេវាប្រព័ន្ធអេកូ ក៏ធ្វើឱ្យខូចដល់ភាពធន់នៃសហគមន៍ទាំងនេះ ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរលក្ខខណ្ឌបរិស្ថានការដោះស្រាយផលប៉ះពាល់ទាំងនេះតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដើម្បីកសាងភាពធន់នឹង សហគមន៍ លើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងបង្កើតយុទ្ធសាស្ត្របន្សាំប្រកបដោយប្រសិទ្ធភាព។

 

តាមរយៈការជំរុញការយល់ដឹង ការកសាងសមត្ថភាព លើកទឹកចិត្តការសន្ទនាសង្គម និងការអនុវត្តគំនិតផ្តួចផ្តើមបៃតង និងការសម្របខ្លួនជាក់ស្តែង យើងមានគោលបំណងបង្កើតសហគមន៍ដែលធន់ និងនិរន្តរភាព។ ដោយមានការគាំទ្រពីក្រសួងបរិស្ថាន គម្រោងនេះមិនត្រឹមតែកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សិទ្ធិអំណាចដល់សហគមន៍ឱ្យរីកចម្រើនក្នុងការផ្លាស់ប្ដូរអាកាសធាតុផងដែរ ជាមួយយើងទន្ទឹងរង់ចាំឱកាសដើម្បីសហការលើគំនិតផ្តួចផ្តើមដ៏សំខាន់នេះក្នុងការអនុវត្តន៍គម្រោងប្រកលបដោយប្រសិទ្ធភាព។ 

 

គម្រោងនៃគំនិតផ្តួចផ្តើមដែលដឹកនាំដោយការលើកកម្ពស់ការយល់ដឹងដល់កសិករសហគមន៍ និងផ្តល់នូវវេទិកា ឬកន្លែងបន្ថែមសម្រាប់ការលើកកម្ពស់ការយល់ដឹងកាន់តែខ្លាំងឡើងសម្រាប់ក្រុមគោលដៅលើផ្នែកបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការលើកម្ពស់បរិស្ថានបៃតង និងសិទ្ធិជាមូលដ្ឋាន គោលការណ៍យុត្តិធម៌ ហើយជម្រុញឲ្យមានដំណោះស្រាយសមស្របមួយដល់ប្រជាកសិករដែលរងផលប៉ះពាល់ដោយបញ្ហានានាដែលបង្កឡើងដោយសារប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងដែលជាហេតុតម្រូវឲ្យមានការចូលរួម កិច្ចសហការស្វែងរកដំណោះស្រាយជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នរាជរដ្ឋាភិបាលដោយភាពទូលំទូលាយ។ 

 

សមាគមCCFC បានទទួលបទពិសោធន៍ដើម្បីគាំទ្រដល់កសិករទាំងបុរស និងស្ត្រីឲ្យមានសាមគ្គីភាពសម្លេងរួមមួយ និងការពឹងផ្អែកលើខ្លួនឯងដើម្បីគ្រប់គ្រងធនធានផ្ទាល់ខ្លួនជាមួយការចូលរួមក្នុងដំណើរការអភិវឌ្ឍន៍មូលដ្ឋាន។ ទោះជាយ៉ាងណាក៏ដោយសមាគមចាំបាច់ ត្រូវតែពង្រឹងសកម្ម ភាពយុទ្ធសាស្ត្ររបស់ខ្លួនបន្ថែមទៀត ដើម្បីកសាងសមត្ថភាពចំណេះដឹងដល់អ្នកដឹកនាំសហគមន៍មូលដ្ឋាន ឬតំណាងសហគមន៍ពិតប្រាកដដើម្បីជំរុញរបៀបវារៈនៃការអភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគេ ក្នុងតស៊ូមតិការប្រែប្រួលអាកាសធាតុ សកម្មភាពបរិស្ថាន លើកក្ដីកង្វល់ដាក់ជូនរាជរដ្ឋាភិបាលសម្រាប់ការរៀបចំ គោលនយោបាយដោះស្រាយ និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។