រំលងទៅមាតិកា

និយាយថាទេថ្នាំគីមី

និយាយថាទេថ្នាំសម្លាប់សត្វល្អិត

បញ្ហាប្រឈម

វិស័យកសិកម្មនៅកម្ពុជា កំពុងក្លាយជាវិស័យដែលពឹងផ្អែកខ្លាំងឡើងលើ សារធាតុថ្នាំពុលគីមីកសិកម្ម ដូចជា ថ្នាំសម្លាប់សត្វល្អិត (pesticides) និង ជីគីមីសំយោគ (synthetic fertilizers) ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់ សុខភាពកសិករ សុវត្ថិភាពស្បៀងអាហារ និងនិរន្តរភាពបរិស្ថាន។ កសិករជនបទជាច្រើន ជាពិសេស ស្ត្រី និងយុវកសិករ ដែលមានតួនាទីសកម្មក្នុងសកម្មភាពកសិកម្ម ដូចជា ការលាយថ្នាំ ការបាញ់ថ្នាំ និងការប្រមូលផល តែងតែត្រូវប្រឈមនឹងការប៉ះពាល់ពី ថ្នាំសម្លាប់សត្វល្អិតដែលមានគ្រោះថ្នាក់ ខណៈដែលពួកគេភាគច្រើនខ្វះចំណេះដឹង ការបណ្តុះបណ្តាល និងឧបករណ៍ការពារផ្ទាល់ខ្លួនដែលសមស្រប។

ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតយ៉ាងទូលំទូលាយ និងមិនមានសុវត្ថិភាព អាចបណ្តាលឱ្យកើតមាន ការពុលភ្លាមៗ (acute poisoning) និងបញ្ហាសុខភាពរយៈពេលវែង ដូចជា ជំងឺស្បែក បញ្ហាប្រព័ន្ធដង្ហើម និងជំងឺរ៉ាំរ៉ៃផ្សេងៗ។ ក្នុងពេលតែមួយ ការប្រើប្រាស់ជីគីមី និងសារធាតុគីមីកសិកម្មលើសកម្រិត ក៏បង្កឱ្យមាន ការខូចខាតគុណភាពដី ការបំពុលប្រភពទឹក និងការបាត់បង់ជីវចម្រុះ (biodiversity) ដែលធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីធម្មជាតិដែលគាំទ្រដល់ផលិតកម្មកសិកម្ម កាន់តែខ្សោយ។

កសិករជាច្រើនក៏កំពុងជាប់ក្នុង វដ្តនៃការពឹងផ្អែកលើសារធាតុគីមី ដោយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីគីមីកាន់តែកើនឡើង ខណៈដែល សមត្ថភាពដីធ្លាក់ចុះ ថ្លៃដើមផលិតកម្មកើនឡើង និងការប្រឈមនឹងសត្វល្អិត ការប្រែប្រួលអាកាសធាតុ និងសម្ពាធទីផ្សារ កាន់តែខ្លាំង។ បញ្ហាទាំងនេះ មិនត្រឹមតែប៉ះពាល់ដល់កសិករដែលធ្វើការនៅក្នុងវាលស្រែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យដល់ សុខភាពអ្នកប្រើប្រាស់ តាមរយៈសំណល់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងអាហារ និងបំផ្លាញប្រព័ន្ធអេកូឡូស៊ីដែលសហគមន៍ជនបទពឹងផ្អែកសម្រាប់ជីវភាពរស់នៅ។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ ត្រូវការការផ្លាស់ប្តូរទៅកាន់ ប្រព័ន្ធកសិកម្មដែលមានសុវត្ថិភាព និងនិរន្តរភាព ដូចជា ក្សេត្របរិស្ថាន (Agroecology) ការពង្រឹង បទប្បញ្ញត្តិ និងការគ្រប់គ្រងលើថ្នាំសម្លាប់សត្វល្អិតដែលមានគ្រោះថ្នាក់ និងការលើកកម្ពស់ការយល់ដឹងរបស់ កសិករ អ្នកប្រើប្រាស់ និងអ្នករៀបចំគោលនយោបាយ អំពីហានិភ័យដែលបណ្តាលមកពីប្រព័ន្ធកសិកម្មដែលពឹងផ្អែកខ្លាំងលើសារធាតុគីមី។

បេសកកម្មរបស់យើង (Our Mission)

សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) កំពុងដឹកនាំយុទ្ធនាការ “និយាយថាទេចំពោះថ្នាំពុលគីមីកសិកម្ម (Say No to Pesticides)” ដើម្បីឆ្លើយតបទៅនឹងហានិភ័យដែលកំពុងកើនឡើងទាក់ទងនឹង សុខភាព បរិស្ថាន និងសេដ្ឋកិច្ចសង្គម ដែលបណ្តាលមកពីការប្រើប្រាស់យ៉ាងទូលំទូលាយនៃ ថ្នាំសម្លាប់សត្វល្អិត និងជីគីមីដែលមានគ្រោះថ្នាក់ នៅក្នុងវិស័យកសិកម្មកម្ពុជា។ ជាស្ថាប័នមូលដ្ឋានដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយ កសិករជនបទ នៅតាមបណ្តាខេត្តជាច្រើន CCFC មានគោលបំណង ការពារសុខភាពកសិករ លើកកម្ពស់ប្រព័ន្ធស្បៀងអាហារដែលមានសុវត្ថិភាព និងគាំទ្រការផ្លាស់ប្តូរទៅកាន់ក្សេត្របរិស្ថាន (Agroecology) និងការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។

យុទ្ធនាការនេះមានគោលដៅ លើកកម្ពស់ការយល់ដឹង ពង្រឹងសកម្មភាពសហគមន៍ និងជំរុញការផ្លាស់ប្តូរគោលនយោបាយ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីប្រព័ន្ធកសិកម្មដែលពឹងផ្អែកខ្លាំងលើសារធាតុគីមី។ តាមរយៈការសហការជាមួយ កសិករ ស្ត្រីជនបទ ក្រុមយុវជន អង្គការសង្គមស៊ីវិល និងអ្នករៀបចំគោលនយោបាយ CCFC កំពុងលើកកម្ពស់ប្រព័ន្ធកសិកម្មដែល ល្អសម្រាប់សុខភាពមនុស្ស មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងមាននិរន្តរភាពសម្រាប់បរិស្ថាន។

បេសកកម្មរបស់យើងផ្តោតលើអាទិភាពសំខាន់ៗដូចខាងក្រោម៖

  • ការលើកកម្ពស់ការយល់ដឹង និងការអប់រំ៖  បង្កើនការយល់ដឹងរបស់ កសិករ សហគមន៍ជនបទ និងអ្នកប្រើប្រាស់ អំពីផលប៉ះពាល់អវិជ្ជមាននៃថ្នាំសម្លាប់សត្វល្អិត និងជីគីមីដែលមានគ្រោះថ្នាក់ ចំពោះ សុខភាពមនុស្ស សុវត្ថិភាពស្បៀងអាហារ ជីវចម្រុះ និងបរិស្ថាន។ តាមរយៈការផ្សព្វផ្សាយសហគមន៍ ការបណ្តុះបណ្តាល និងយុទ្ធនាការសាធារណៈ CCFC លើកកម្ពស់ជម្រើសសុវត្ថិភាព និងជំរុញការយល់ដឹងអំពី អេកូកសិកម្ម និងកសិកម្មប្រកបដោយនិរន្តរភាព។
  • ការតស៊ូមតិដើម្បីពង្រឹងបទប្បញ្ញត្តិ និងគោលនយោបាយ៖  សហការជាមួយ អ្នករៀបចំគោលនយោបាយ ស្ថាប័នរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រង និងបទប្បញ្ញត្តិលើថ្នាំសម្លាប់សត្វល្អិតដែលមានគ្រោះថ្នាក់ និងការគ្រប់គ្រងជីគីមីឱ្យមានប្រសិទ្ធភាព។ CCFC ក៏ជំរុញគោលនយោបាយដែលគាំទ្រ អេកូកសិកម្ម កសិកម្មសរីរាង្គ (Organic Agriculture) និងប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាព ដើម្បីធានាថា កសិករខ្នាតតូច ទទួលបានការគាំទ្រសមស្របក្នុងការផ្លាស់ប្តូរចេញពីការពឹងផ្អែកលើសារធាតុគីមី។
  • ការពង្រឹងសមត្ថភាពសហគមន៍ជនបទ៖ គាំទ្រកសិករ ជាពិសេស កសិករជនបទ ស្ត្រី និងយុវជន ឱ្យទទួលបានចំណេះដឹង ជំនាញ និងធនធានដែលចាំបាច់សម្រាប់អនុវត្ត ការធ្វើកសិកម្មបែបអេកូកសិកម្ម។ តាមរយៈការបណ្តុះបណ្តាល ការរៀនពីកសិករទៅកសិករ និងការរៀបចំសហគមន៍ CCFC ជួយសហគមន៍ជនបទអភិវឌ្ឍបច្ចេកទេសកសិកម្មប្រកបដោយនិរន្តរភាព ដែលអាច កែលម្អសមត្ថភាពដី បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការពឹងផ្អែកលើសារធាតុគីមីដែលមានគ្រោះថ្នាក់។
  • ការពារសុខភាព និងសិទ្ធិកសិករ៖ ជំរុញឱ្យមានការទទួលស្គាល់ថា ការប៉ះពាល់ពីថ្នាំសម្លាប់សត្វល្អិត គឺជាហានិភ័យធ្ងន់ធ្ងរចំពោះ សុខភាពការងារ (Occupational Health) របស់កសិករ និងកម្មករកសិកម្ម។ CCFC តស៊ូមតិឱ្យមានការពង្រឹង សុវត្ថិភាព និងសុខភាពការងារ (Occupational Safety and Health – OSH) ការចូលដំណើរការសេវាសុខាភិបាល និងការទទួលស្គាល់ជំងឺដែលបណ្តាលពីថ្នាំសម្លាប់សត្វល្អិតជាផ្លូវច្បាប់ថា ជំងឺវិជ្ជាជីវៈ (Occupational Diseases) ដែលត្រូវការការការពារ ការការពារជាមុន និងសំណងសមស្រប។

តាមរយៈយុទ្ធនាការ “និយាយថាទេចំពោះថ្នាំពុលគីមីកសិកម្ម” CCFC កំពុងធ្វើការរួមគ្នាជាមួយសហគមន៍ និងដៃគូពាក់ព័ន្ធ ដើម្បីកសាង អនាគតកសិកម្មដែលមានសុខភាពល្អ មានសុវត្ថិភាព និងប្រកបដោយនិរន្តរភាព សម្រាប់ កសិករ អ្នកប្រើប្រាស់ និងបរិស្ថាននៅកម្ពុជា។

វិធីសាស្ត្រអនុវត្ត (Our Approach)

សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) សហការជាមួយ បណ្តាញសកម្មភាពថ្នាំសម្លាប់សត្វល្អិតអាស៊ីប៉ាស៊ីហ្វិក (Pesticide Action Network Asia Pacific – PANAP) និងដៃគូក្នុងស្រុករួមមាន អង្គការបន្ទាយស្រី (Banteay Srei – BS) និង សហភាពការងារកម្ពុជា (Cambodian Labour Confederation – CLC) ដោយមានការគាំទ្រពី អង្គការអុកស្វាម (Oxfam) កំពុងអនុវត្តការស្រាវជ្រាវបែបចូលរួម (Participatory Research) ស្តីពីការប្រើប្រាស់ ថ្នាំសម្លាប់សត្វល្អិត និងថ្នាំសម្លាប់ស្មៅ ក្នុងខ្សែសង្វាក់តម្លៃស្រូវនៅកម្ពុជា។

🌱 សិក្ខាសាលាសហគមន៍ និងការបណ្តុះបណ្តាល

ការស្រាវជ្រាវនេះអនុវត្តតាមវិធីសាស្ត្រសហគមន៍តាមដានសកម្មភាពថ្នាំពុលគីមីកសិកម្ម Community-Based Pesticide Action Monitoring (CPAM) ដែលជាវិធីសាស្ត្រស្រាវជ្រាវបែប Participatory Action Research ដែលផ្តល់អំណាចដល់កសិករ និងសមាជិកសហគមន៍ក្នុងការចងក្រង និងតាមដានការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ព្រមទាំងវាយតម្លៃផលប៉ះពាល់របស់វាទៅលើ សុខភាពមនុស្ស ជីវភាពរស់នៅ និងបរិស្ថាន។

ការប្រមូលទិន្នន័យកំពុងអនុវត្តនៅក្នុង ៨ ខេត្ត រួមមាន៖ រតនគិរី ក្រចេះ ព្រះវិហារ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ស្ពឺ និងស្វាយរៀង។ ការសិក្សានេះរួមមាន៖ ការស្ទង់មតិក្រុមគ្រួសារ ៥៦០ គ្រួសារ (Household Surveys) កិច្ចពិភាក្សាក្រុម (Focus Group Discussions) ចំនួន ១៦ ក្រុម ដែលបែងចែកតាមភេទ សម្ភាសន៍អ្នកជំនាញ និងភាគីពាក់ព័ន្ធកម្រិតជាតិ ២–៣ នាក់ (Key Informant Interviews).

តាមរយៈវិធីសាស្ត្រដែលផ្អែកលើភស្តុតាង (Evidence-based Approach) នេះ ការស្រាវជ្រាវអាចបង្កើតទិន្នន័យដែលដឹកនាំដោយសហគមន៍ ដើម្បីពង្រឹងការតស៊ូមតិឱ្យមាន ការអនុវត្តកសិកម្មដែលមានសុវត្ថិភាព ការកែលម្អសុវត្ថិភាព និងសុខភាពការងារ (Occupational Safety and Health – OSH) និងការពង្រឹងការគ្រប់គ្រងលើ ថ្នាំសម្លាប់សត្វល្អិតដែលមានគ្រោះថ្នាក់ ក្នុងវិស័យកសិកម្ម និងស្បៀងអាហារនៅកម្ពុជា។

ដើម្បីបន្ថែមលើការស្រាវជ្រាវ និងពង្រឹងសកម្មភាពសហគមន៍ CCFC និងដៃគូក៏អនុវត្តយុទ្ធសាស្ត្រសំខាន់ៗដូចខាងក្រោម៖

🌱 សិក្ខាសាលាសហគមន៍ និងការបណ្តុះបណ្តាល៖  លើកកម្ពស់ការយល់ដឹងរបស់កសិករអំពីហានិភ័យ សុខភាព បរិស្ថាន និងសេដ្ឋកិច្ចសង្គម ដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដែលមានគ្រោះថ្នាក់។ ជាមួយគ្នានេះក៏លើកកម្ពស់ កសិកម្មសរីរាង្គ ជម្រើសធម្មជាតិ និងអេកូកសិកម្ម (Agroecology) ដែលគាំទ្រប្រព័ន្ធកសិកម្ម និងស្បៀងអាហារដែលមាននិរន្តរភាព និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

🌾 ការតាមដានសកម្មភាពថ្នាំសម្លាប់សត្វល្អិតដោយសហគមន៍ (CPAM)៖  ពង្រឹងសមត្ថភាពកសិករ និងមេដឹកនាំសហគមន៍ក្នុងការតាមដាន និងកត់ត្រាផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត តាមរយៈការចងក្រងទិន្នន័យអំពី ការប៉ះពាល់សុខភាព ហានិភ័យបរិស្ថាន និងសុវត្ថិភាពការងារ។ ទិន្នន័យទាំងនេះជួយដល់សហគមន៍ក្នុងការតស៊ូមតិឱ្យមានការអនុវត្តកសិកម្មដែលមានសុវត្ថិភាព និងការទទួលខុសត្រូវនៃគោលនយោបាយ។

🤝 ការកសាងសមត្ថភាពតាមរយៈការបណ្តុះបណ្តាល CPAM៖ តាមរយៈភាពជាដៃគូជាមួយ Oxfam និង PANAP ការបណ្តុះបណ្តាល CPAM ផ្តល់ចំណេះដឹង និងឧបករណ៍ចាំបាច់ដល់កសិករ និងសមាជិកសហគមន៍ ដើម្បីលើកកម្ពស់សហគមន៍ដែលមានសុខភាពល្អ និងកសិកម្មប្រកបដោយនិរន្តរភាព។ ការបណ្តុះបណ្តាលនេះផ្តោតលើ សុវត្ថិភាព និងសុខភាពការងារ (OSH) រួមទាំងការយល់ដឹងអំពីហានិភ័យថ្នាំសម្លាប់សត្វល្អិត ការស្គាល់រោគសញ្ញានៃការពុលថ្នាំ និងបញ្ហាពាក់ព័ន្ធនឹងការចូលដំណើរការនិងការប្រើប្រាស់ ឧបករណ៍ការពារផ្ទាល់ខ្លួន (Personal Protective Equipment – PPE) ជាពិសេសនៅក្នុងប្រទេសដែលមានចំណូលមធ្យម និងទាប។

តាមរយៈសកម្មភាពទាំងនេះ កសិករត្រូវបានពង្រឹងសមត្ថភាពក្នុងការអនុវត្ត កសិកម្មដែលមានសុវត្ថិភាព ការពារសុខភាព និងជីវភាពរស់នៅ ហើយចូលរួមក្នុងការកសាង ប្រព័ន្ធកសិកម្ម និងស្បៀងអាហារដែលមាននិរន្តរភាព និងទទួលខុសត្រូវ សម្រាប់ប្រទេសកម្ពុជា។

🌱💚 សកម្មភាពក្សេត្របរិស្ថាន

🌾 ការលើកកម្ពស់ក្សេត្របរិស្ថាន និងសមភាពយេនឌ័រ

សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លើកកម្ពស់ ក្សេត្របរិស្ថាន (Agroecology) ជាវិធីសាស្ត្រកសិកម្មដែលមាននិរន្តរភាព មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងឆ្លើយតបយេនឌ័រ ដែលជួយពង្រឹងសមត្ថភាពកសិករ ក្នុងការរក្សាប្រព័ន្ធស្បៀងអាហារដែលមានសុខភាពល្អ និងមានផលិតភាព ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

វិធីសាស្ត្រនេះគាំទ្រដល់កសិករ ជាពិសេស ស្ត្រីជនបទ យុវជន និងកសិករខ្នាតតូច ក្នុងការអនុវត្តបច្ចេកទេសក្សេត្របរិស្ថាន ដែលជួយលើកកម្ពស់ សុខភាពដី ជីវចម្រុះ និងតុល្យភាពប្រព័ន្ធអេកូឡូស៊ី ខណៈពេលកាត់បន្ថយការពឹងផ្អែកលើសារធាតុគីមីដែលមានគ្រោះថ្នាក់។

តាមរយៈ ការបណ្តុះបណ្តាលកសិករ ការរៀនសូត្រតាមសហគមន៍ និងការបង្ហាញអនុវត្តន៍នៅវាលស្រែ កសិករត្រូវបានលើកទឹកចិត្តឱ្យអនុវត្តបច្ចេកទេសក្សេត្របរិស្ថាន ដូចជា ការចម្រុះដំណាំ ការប្រើប្រាស់ពូជដំណាំសមស្របតាមតំបន់ ការផលិតជីកំប៉ុស ការគ្រប់គ្រងសត្វល្អិតតាមធម្មជាតិ និងប្រព័ន្ធកសិកម្មបញ្ចូលគ្នា។ បច្ចេកទេសទាំងនេះជួយឱ្យប្រព័ន្ធកសិកម្មមានភាពធន់នឹងគ្រោះអាកាសធាតុ ដូចជា ភាពរាំងស្ងួត កម្តៅខ្ពស់ និងទឹកជំនន់ ហើយជួយពង្រឹងសហគមន៍ជនបទឱ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ក្សេត្របរិស្ថានក៏ជួយលើកកម្ពស់ សេវាប្រព័ន្ធអេកូឡូស៊ី ដូចជា ការប៉ូលីនេស្យុង ការគ្រប់គ្រងសត្វល្អិតតាមធម្មជាតិ វដ្តសារធាតុចិញ្ចឹម ការគ្រប់គ្រងទឹក និងសុខភាពដី។ ការបង្កើនសារធាតុសរីរាង្គក្នុងដី និងការស្តុកកាបូនក៏ជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ជាមួយគ្នានេះ ការកាត់បន្ថយការប្រើប្រាស់ជីគីមី និងសារធាតុគីមីកសិកម្ម ក៏ជួយរក្សាវដ្តសារធាតុចិញ្ចឹម និងថែរក្សាសុខភាពដី។

ក្រៅពីនេះ ក្សេត្របរិស្ថានក៏ជំរុញ ប្រព័ន្ធស្បៀងអាហារមូលដ្ឋាន និងខ្សែសង្វាក់ផ្គត់ផ្គង់ខ្លី ដែលជួយកាត់បន្ថយថាមពលក្នុងការដឹកជញ្ជូនអាហារ និងពង្រឹងទីផ្សារមូលដ្ឋាន និងសុវត្ថិភាពស្បៀងអាហារ។

សមាគម CCFC ក៏អនុវត្ត វិធីសាស្ត្របំលែងយេនឌ័រ ក្នុងការលើកកម្ពស់ក្សេត្របរិស្ថាន ដោយទទួលស្គាល់តួនាទីសំខាន់របស់ ស្ត្រីជនបទ ក្នុងវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារ។ ការពង្រឹងការចូលដំណើរការរបស់ស្ត្រីទៅកាន់ពូជដំណាំសមស្រប ជីសរីរាង្គ ចំណេះដឹងក្សេត្របរិស្ថាន និងឱកាសចូលរួមក្នុងការសម្រេចចិត្ត ជួយបង្កើនសមភាពក្នុងប្រព័ន្ធស្បៀងអាហារ និងគាំទ្រការអភិរក្សជីវចម្រុះ។

តាមរយៈសកម្មភាពទាំងនេះ ក្សេត្របរិស្ថាន រួមចំណែកដល់ការកែលម្អផលិតភាពកសិកម្មរយៈពេលវែង ការអភិរក្សជីវចម្រុះ ការស្តារប្រព័ន្ធអេកូឡូស៊ី ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍជនបទប្រកបដោយបរិយាបន្ននៅកម្ពុជា។

📢 ការតស៊ូមតិ និងការផ្លាស់ប្តូរគោលនយោបាយ

សមាគម CCFC ដឹកនាំសកម្មភាព តស៊ូមតិ និងយុទ្ធនាការ ដើម្បីជំរុញការកែទម្រង់គោលនយោបាយ ដែលគាំទ្រ ក្សេត្របរិស្ថាន និងពង្រឹងការគ្រប់គ្រង ថ្នាំសម្លាប់សត្វល្អិត និងជីគីមី ក្នុងវិស័យកសិកម្ម និងស្បៀងអាហារនៅកម្ពុជា។

តាមរយៈការចូលរួមជាមួយអ្នករៀបចំគោលនយោបាយ ស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សមាគម CCFC ពង្រីកសម្លេងរបស់ កសិករ ស្ត្រីជនបទ យុវជន និងកសិករខ្នាតតូច ក្នុងដំណើរការពិភាក្សាគោលនយោបាយ និងការសម្រេចចិត្ត។

យុទ្ធសាស្ត្រសំខាន់ៗរួមមាន៖

📱 យុទ្ធនាការបណ្តាញសង្គម – ប្រើប្រាស់បណ្តាញឌីជីថលដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃថ្នាំសម្លាប់សត្វល្អិត និងជីគីមី ព្រមទាំងផ្សព្វផ្សាយអត្ថប្រយោជន៍នៃក្សេត្របរិស្ថាន។

🗣 វេទិកា និងសន្ទនាសង្គម – រៀបចំវេទិកាសាធារណៈ និងសន្ទនាគោលនយោបាយដែលនាំមកជួបជុំកសិករ អង្គការសង្គមស៊ីវិល រដ្ឋាភិបាល អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាដំណោះស្រាយសម្រាប់ប្រព័ន្ធស្បៀងអាហារដែលមានសុវត្ថិភាព និងនិរន្តរភាព។

✊ សកម្មភាពសហគមន៍ – គាំទ្របណ្តាញកសិករ ក្រុមស្ត្រីជនបទ និងមេដឹកនាំសហគមន៍ ក្នុងការរៀបចំសកម្មភាពរួម យុទ្ធនាការលើកកម្ពស់ការយល់ដឹង និងសកម្មភាពតស៊ូមតិពីមូលដ្ឋាន។

🤝 បណ្តាញ និងកិច្ចសហការណ៍

សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ពង្រឹង ភាពជាដៃគូ និងកិច្ចសហការពហុភាគី ដើម្បីជំរុញការអភិវឌ្ឍ ក្សេត្របរិស្ថាន (Agroecology) និងលើកកម្ពស់ការគ្រប់គ្រង និងកាត់បន្ថយការប្រើប្រាស់ ថ្នាំសម្លាប់សត្វល្អិត និងជីគីមីដែលមានគ្រោះថ្នាក់ ក្នុងវិស័យកសិកម្ម និងស្បៀងអាហារនៅកម្ពុជា។ តាមរយៈការកសាងបណ្តាញរវាង អង្គការកសិករ អង្គការសង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងស្ថាប័នរដ្ឋាភិបាលសមាគម CCFC ជួយសម្របសម្រួលការចែករំលែកចំណេះដឹង ការតស៊ូមតិរួម និងសកម្មភាពសហការដើម្បីគាំទ្រប្រព័ន្ធកសិកម្មដែលមានសុវត្ថិភាព និងមាននិរន្តរភាព។

តាមរយៈ កិច្ចសហការនៅកម្រិតជាតិ និងតំបន់សមាគម CCFC ធ្វើការជាមួយដៃគូដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗ (Best Practices) ស្តីពី ក្សេត្របរិស្ថាន ការតាមដានផលប៉ះពាល់ថ្នាំសម្លាប់សត្វល្អិតដោយសហគមន៍ និងការតស៊ូមតិគោលនយោបាយ ដើម្បីពង្រឹងការគ្រប់គ្រងសារធាតុគីមីដែលមានគ្រោះថ្នាក់។ កិច្ចសហការទាំងនេះក៏ជួយពង្រីកសម្លេងរបស់ កសិករ ជាពិសេសស្ត្រីជនបទ និងកសិករខ្នាតតូច ក្នុងវេទិកាគោលនយោបាយ និងការពិភាក្សាអភិវឌ្ឍន៍វិស័យកសិកម្ម។

បណ្តាញ និងកិច្ចសហការណ៍ក៏ជួយលើកកម្ពស់ ការរៀនសូត្ររួម ការកសាងសមត្ថភាព និងសម្ព័ន្ធភាពយុទ្ធសាស្ត្រ ដែលពង្រឹងចលនាដើម្បីកសាង ប្រព័ន្ធស្បៀងអាហារដែលមាននិរន្តរភាព មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការពារសុខភាពមនុស្ស នៅកម្ពុជា។

យុទ្ធនាការ CCFC៖ និយាយថាទេចំពោះថ្នាំពុលគីមីកសិកម្ម 

ការពារកសិករ អ្នកប្រើប្រាស់ និងបរិស្ថាន សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានចាប់ផ្តើមយុទ្ធនាការ “និយាយថាទេចំពោះថ្នាំពុលគីមីកសិកម្ម (Say No to Pesticides)” ដើម្បីឆ្លើយតបទៅនឹងហានិភ័យដែលកំពុងកើនឡើង បណ្តាលមកពីការប្រើប្រាស់ ថ្នាំសម្លាប់សត្វល្អិតគីមីដែលមានគ្រោះថ្នាក់ នៅក្នុងវិស័យកសិកម្មកម្ពុជា។ គំនិតផ្តួចផ្តើមនេះមានគោលបំណង ការពារសុខភាពកសិករ ធានាសុវត្ថិភាពស្បៀងអាហារសម្រាប់អ្នកប្រើប្រាស់ និងលើកកម្ពស់ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព និងក្សេត្របរិស្ថាន (Agroecology) ដែលអាចការពារបរិស្ថាន ជីវចម្រុះ និងជីវភាពរស់នៅរបស់សហគមន៍ជនបទ។

យុទ្ធនាការនេះផ្តោតលើ ការលើកកម្ពស់ការយល់ដឹងសាធារណៈ អំពីផលប៉ះពាល់អវិជ្ជមាននៃការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតចំពោះ សុខភាពមនុស្ស ប្រព័ន្ធអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារ។ ជាមួយគ្នានេះ វាក៏លើកទឹកចិត្តឱ្យកសិករ និងសហគមន៍ផ្លាស់ប្តូរទៅរក ការអនុវត្តកសិកម្មដែលមានសុវត្ថិភាព មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងមានមិត្តភាពជាមួយបរិស្ថាន។

តាមរយៈ ការចូលរួមសហគមន៍ ការស្រាវជ្រាវ ការតស៊ូមតិ និងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ សមាគម CCFC កំពុងជំរុញឱ្យមាន ការពង្រឹងការគ្រប់គ្រងលើថ្នាំសម្លាប់សត្វល្អិតដែលមានគ្រោះថ្នាក់ និងគាំទ្រគោលនយោបាយដែលលើកកម្ពស់ កសិកម្មប្រកបដោយនិរន្តរភាព និងក្សេត្របរិស្ថាននៅកម្ពុជា។

ហេតុអ្វីបានជាយុទ្ធនាការនេះមានសារៈសំខាន់

ថ្នាំពុលគីមីកសិកម្ម ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវិស័យកសិកម្មកម្ពុជា ជាពិសេសក្នុងការផលិត ស្រូវ និងបន្លែ ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់ កសិករជនបទ ជាពិសេសស្ត្រី និងយុវជន ដែលមានតួនាទីសំខាន់ក្នុងការផលិតស្បៀងអាហារ និងការគាំទ្រជីវភាពរស់នៅនៅតាមជនបទ។ យុទ្ធនាការ “និយាយថាទេចំពោះថ្នាំសម្លាប់សត្វល្អិត (Say No to Pesticides)” មានគោលបំណងជំរុញការផ្លាស់ប្តូរទៅរក ក្សេត្របរិស្ថាន (Agroecology) និងការអនុវត្តកសិកម្មដែលមានសុវត្ថិភាព ដើម្បីការពារសុខភាពកសិករ ពង្រឹងកសិកម្មប្រកបដោយនិរន្តរភាព និងធានាប្រព័ន្ធស្បៀងអាហារដែលមានសុវត្ថិភាព។

  • ហានិភ័យសុខភាពសម្រាប់កសិករ៖ កសិករជនបទ ជាពិសេស ស្ត្រី និងយុវជន ដែលចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកសិកម្ម ដូចជា ការលាយថ្នាំ ការបាញ់ថ្នាំ និងការប្រមូលផល តែងតែត្រូវប្រឈមនឹងការប៉ះពាល់ពីថ្នាំសម្លាប់សត្វល្អិតដែលមានគ្រោះថ្នាក់។ ការប៉ះពាល់ទាំងនេះអាចបណ្តាលឱ្យកើតមាន ជំងឺស្បែក បញ្ហាប្រព័ន្ធដង្ហើម ការពុលថ្នាំសម្លាប់សត្វល្អិត និងជំងឺរ៉ាំរ៉ៃរយៈពេលវែង។
  • ការខូចខាតបរិស្ថាន៖ ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីគីមីលើសកម្រិត បង្កឱ្យមានការខូចខាតដល់ សុខភាពដី ការបំពុលប្រភពទឹក និងការបាត់បង់ជីវចម្រុះ រួមទាំងសត្វល្អិតដែលមានប្រយោជន៍ និងសត្វប៉ូលីនេស្យុង ដែលមានសារៈសំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ីកសិកម្ម។
  • សុវត្ថិភាពស្បៀងអាហារ និងសុខភាពអ្នកប្រើប្រាស់៖ សំណល់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងផលិតផលកសិកម្ម អាចបង្កហានិភ័យដល់អ្នកប្រើប្រាស់ដែលប្រើប្រាស់អាហារដែលមានការបំពុលដោយមិនដឹងខ្លួន ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ សុវត្ថិភាពស្បៀងអាហារ និងសុខភាពសាធារណៈ។
  • បញ្ហាសេដ្ឋកិច្ច និងជីវភាពរស់នៅ៖ កសិករខ្នាតតូចជាច្រើនកំពុងពឹងផ្អែកលើសារធាតុគីមីក្នុងការផលិត ដែលបណ្តាលឱ្យ ថ្លៃដើមផលិតកម្មកើនឡើង ខណៈសមត្ថភាពដីធ្លាក់ចុះ និងទិន្នផលកសិកម្មមិនមានស្ថិរភាព។ ស្ថានភាពនេះបង្កសម្ពាធសេដ្ឋកិច្ចដល់គ្រួសារកសិករជនបទ។
  • តម្រូវការក្សេត្របរិស្ថាន (Agroecology)៖ ការលើកកម្ពស់ ក្សេត្របរិស្ថាន ផ្តល់នូវដំណោះស្រាយប្រកបដោយនិរន្តរភាព ដោយលើកទឹកចិត្តឱ្យកសិករអនុវត្តវិធីសាស្ត្រដែលមានមិត្តភាពជាមួយបរិស្ថាន ដូចជា ការចម្រុះដំណាំ ការគ្រប់គ្រងសត្វល្អិតតាមធម្មជាតិ ការផលិតជីកំប៉ុស និងការប្រើប្រាស់ពូជដំណាំដែលសមស្របនឹងបរិបទតំបន់។ ក្សេត្របរិស្ថានជួយពង្រឹង ភាពធន់នឹងការប្រែប្រួលអាកាសធាតុ កែលម្អសុខភាពដី អភិរក្សជីវចម្រុះ និងពង្រឹងតួនាទីស្ត្រី និងយុវជនជនបទ ជាអ្នកដឹកនាំក្នុងការកសាងប្រព័ន្ធស្បៀងអាហារដែលមាននិរន្តរភាព និងមានភាពធន់។

តាមរយៈយុទ្ធនាការនេះ CCFC មានគោលបំណង លើកកម្ពស់ការយល់ដឹង ពង្រឹងសកម្មភាពសហគមន៍ និងតស៊ូមតិគោលនយោបាយ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដែលមានគ្រោះថ្នាក់ ខណៈគាំទ្រការផ្លាស់ប្តូរទៅរក កសិកម្មបែបក្សេត្របរិស្ថាន និងប្រព័ន្ធស្បៀងអាហារដែលមានសុខភាពល្អនៅកម្ពុជា។

យុទ្ធនាការ CCFC៖ និយាយថាទេចំពោះថ្នាំពុលគីមីកសិកម្ម