រំលងទៅមាតិកា

ការងារសមរម្យ និងគាំពារសង្គមសម្រាប់កម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម

ការងារសមរម្យ និងគាំពារសង្គមសម្រាប់កម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម

ខេត្តសៀមរាប៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) សហការជាមួយសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) អង្គការបន្ទាយស្រី (Banteay Srei) និងអង្គការអុកស្វាមកម្ពុជា (Oxfam Cambodia) បានរៀបចំវេទិកាសន្ទនាសង្គមស្តីពី «ឆ្ពោះទៅការងារសមរម្យ និងគាំពារសង្គមសម្រាប់កម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម» ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

 

វេទិកានេះមានអ្នកចូលរួមប្រមាណ ៤៨០នាក់ ក្នុងនោះប្រមាណ ៦៥ភាគរយជាស្ត្រី ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ស្ថាប័នឯកជន សហជីព និងតំណាងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមានអ្នកលក់ដូរតាមដងផ្លូវ អ្នកធ្វើការតាមផ្ទះ អ្នកដឹកជញ្ជូនអាហារ កសិករខ្នាតតូច តំណាងសហគមន៍ផលិតកសិ-ស្បៀងអាហារខ្នាតតូច និងសិប្បកម្មខ្នាតតូច។

 

ការរៀបចំវេទិកានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមរវាងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់ការងារសមរម្យ និងការពង្រឹងប្រព័ន្ធគាំពារសង្គម សម្រាប់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម ដែលជាកម្លាំងពលកម្មដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

 

តាមអ្នករៀបចំ វេទិកានេះមានគោលបំណងសំខាន់ក្នុងការផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃក្របខ័ណ្ឌច្បាប់ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីរបស់រាជរដ្ឋាភិបាល ដែលបានបង្កើតបរិយាកាសអំណោយផល និងយន្តការគាំទ្រនានា សម្រាប់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រីជនបទ យុវកសិករ កម្មករក្នុងវិស័យកសិ-ស្បៀងអាហារ បុគ្គលស្វ័យនិយោជន៍ និងសហគ្រាសធុនតូច និងមធ្យម ដើម្បីលើកកម្ពស់សិទ្ធិការងារ ការងារសមរម្យ និងការទទួលស្គាល់ស្របតាមច្បាប់ជាតិ និងស្តង់ដារអន្តរជាតិ។

 

ជាមួយគ្នានេះ វេទិកាក៏បានផ្តោតលើការពិភាក្សាអំពីការពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម ដើម្បីធានាថា អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសក្រុមងាយរងគ្រោះ អាចទទួលបានសេវាគាំពារសង្គមប្រកបដោយសមធម៌ បរិយាបន្ន តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយជាតិ និងផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។

 

ក្រៅពីការផ្សព្វផ្សាយគោលនយោបាយ វេទិកានេះក៏បានបង្កើតឱកាសសម្រាប់តំណាងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគ្រាសធុនតូច និងមធ្យម សហជីព អង្គការសង្គមស៊ីវិល និងស្ថាប័នរាជរដ្ឋាភិបាល បានជួបពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងលើកឡើងពីស្ថានភាពការងារ បញ្ហាប្រឈម តម្រូវការ និងសំណូមពររបស់ពួកគេ ដើម្បីស្វែងរកដំណោះស្រាយរួម និងជំរុញការឆ្លើយតបរបស់ស្ថាប័នពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព។

 

អ្នកចូលរួមបានលើកឡើងថា កម្មករ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតែជួបប្រទះបញ្ហាប្រឈមជាច្រើន ដូចជាការខ្វះការការពារសង្គម សុវត្ថិភាពការងារ ការទទួលបានសេវាសុខាភិបាល និងការទទួលស្គាល់តាមផ្លូវច្បាប់។ ដូច្នេះ ការពង្រឹងកិច្ចសន្ទនាសង្គម និងកិច្ចសហការរវាងភាគីពាក់ព័ន្ធ ត្រូវបានចាត់ទុកថាជាយន្តការសំខាន់ក្នុងការកែលម្អគោលនយោបាយ និងការអនុវត្តឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នកប្រកបរបរ។

 

តាមរយៈវេទិកានេះ ភាគីពាក់ព័ន្ធទាំងអស់បានបង្ហាញការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការងារសមរម្យ និងពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម ដើម្បីធានាថា កម្មករ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងសហគ្រាសធុនតូច និងមធ្យម អាចទទួលបានការការពារសង្គម សិទ្ធិការងារ និងឱកាសអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។