ការប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលនៅស្រុកស្រែអំបិលខេត្តកោះកុងហាក់មានភាពទូលំទូលាយ
អត្ថបទ៖ កែវ រតនៈ
កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ ដោយគ្រប់ដណ្ដប់ពលរដ្ឋគោលដៅប្រមាណ ៥លាននាក់ អាចទៅពិនិត្យ និងព្យាបាលជំងឺដោយមិនចាំបាច់បង់ថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល នៅមូលដ្ឋានសុខាភិបាលសាធារណៈ ដោយរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួស ក្នុងនោះមានគ្រួសារងាយរងហានិភ័យចំនួនប្រមាណ១លាន៨សែននាក់, គ្រួសារក្រីក្រមានប័ណ្ណសមធម៌ចំនួនជាង៣លាននាក់, បុគ្គលបម្រើសេវាកំសាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ, កម្មករនិយោជិតក្រៅប្រព័ន្ធ និងក្រុមគោលដៅជាក់លាក់ រួមមានសមាគមម៉ូតូឌុប, រ៉ឺម៉កកង់បី, អ្នកធាក់ស៊ីក្លូ, បុគ្គលិកសម្អាតមីន, មេភូមិ អនុ-ភូមិ, ជំនួយការភូមិ, ក្រុមប្រឹក្សាឃុំ-សង្កាត់, និងកីឡាករ-កីឡាការិនីជម្រើសជាតិ ប្រមាណ ៨ម៉ឺននាក់ និងអ្នកផ្ទុកមេរោគអេសដ៍ប្រមាណ ៨ម៉ឺននាក់ បន្ថែមទៀត។
អ្នកស្រី ផាវ ញ៉ីវ ប្រធានសហគមន៍កសិករ១៧៥ ក្នុងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បានប្រាប់បៃតងប៉ុស្តិ៍ថា អ្នកស្រីបានចាប់ផ្ដើមប្រមូលអត្តសញ្ញាណប័ណ្ណថតចម្លងដើម្បីធ្វើប័ណ្ណមូលនិធិសមធម៌សុខាភិបាលនេះចាប់ពីមានសេចក្តីប្រកាសតាមរយៈការជួយសម្របសម្រួលរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា។ អ្នកស្រីឱ្យដឹងថា មុនដំបូងគឺមានការយល់ច្រឡំពីអាជ្ញាធរមូលដ្ឋានថាការប្រមូលអត្តសញ្ញាណប័ណ្ណថតចម្លងនេះគឺក្នុងន័យនយោបាយផ្សេងៗ ប៉ុន្តែក្រោយពីមានការពន្យល់គឺអាជ្ញាធរបានយល់ដឹង។ មូលហេតុដែលនាំឱ្យអ្នកស្រីជួយសម្រូលដល់ប្រជាសហគមន៍ក្នុងការធ្វើប័ណ្ណមូលនិធិសមធម៌សុខាភិបាលនេះអ្នកស្រីឱ្យដឹងថា គឺអាចជួយសម្រួលជីវភាពប្រជាសហគមន៍បានច្រើនពេលដែលមានជំងឺផ្សេង និងមានគ្រោះថ្នាក់ផ្សេងៗហើយត្រូវការសេវាព្យាបាល។
លោក ហាន់ ទៀត អនុប្រធានគណៈសហគមន៍កសិករប្រចាំខេត្តកោះកុង បានប្រាប់បៃតងប៉ុស្តិ៍ថា លោកទទួលសម្របសម្រួលយកអត្តសញ្ញាណប័ណ្ណថតចម្លងពីប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល ខេត្តកោះកុងចំនួន៥ ឃុំ មានឃុំដងពែង ឃុំជីខលើ ឃុំជីខក្រោម ឃុំស្រែអំបិល និងឃុំបឹងព្រាវ។ លោកបន្តថា លោកបានចាប់ផ្ដើមកិច្ចការនេះនៅចុងឆ្នាំ២០២៣ និងបានផ្ដល់ទទួល និងផ្ដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់បានប្រមាណជាង៣រយប័ណ្ណហើយ ខណៈដែលការចុះឈ្មោះស្នើសុំនៅតែបន្តមានជារៀងរាល់ថ្ងៃ។ លោកឱ្យដឹងទៀតថា រូបលោកផ្ទាល់គឺបានប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលនេះដើម្បីបើកថ្នាំមកព្យាបាលជំងឺផងដែរ ហើយពេលដែលប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលទៅបើកថ្នាំនោះគឺមិនមានគិតប្រាក់អ្វីនោះទេ។
អ្នកគ្រូពេទ្យឈ្មោះ ស៊ុន សុម៉ាលី គ្រូពេទ្យទទួលបន្ទុកសេវាកម្ម ប្រចាំមណ្ឌលសុខភាពស្រែអំបិលបានប្រាប់បៃតងប៉ុស្តិ៍ផងដែរថា ប្រជាពលរដ្ឋហាក់ប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលមកទទួលសេវានៅមណ្ឌលសុខភាពស្រែអំបិលហាក់មានការកើនឡើងជាបន្តបន្ទាប់ដែលភាគច្រើនអ្នកជំងឺទាំងនោះមានដូចជាមនុស្ស និងស្ត្រីមានផ្ទៃពោះ។ គ្រូពេទ្យរូបនេះបន្តថា ក្នុងការទូទាត់សាច់ប្រាក់សម្រាប់សេវាសុខភាពនៅមណ្ឌលសុខភាពស្រែអំបិលនេះ មានទាំងការបង់ប្រាក់ដោយផ្ទាល់ ការប្រើប្រាស់បេឡាជាតិសន្តិសុខសង្គមហៅកាត់ ប ស ស ការប្រើប្រាស់ប័ណ្ណក្រីក្រ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល ប៉ុន្តែអ្នកដែលមកប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលហាក់យល់ដឹងច្រើនដោយពួកគាត់មិនបានទាមទាររកប្រាក់បន្ថែមក្រៅពីសេវាសុខភាពដែលពេទ្យផ្ដល់ឱ្យនោះទេ។
យ៉ាងនេះក្តីសម្រាប់ប្រជាពលរដ្ឋដែលបានប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលអះអាងថា ប្រសិនបើក្រសួងពាក់ព័ន្ធបន្ថែមប្រាក់ធ្វើដំណើរមកទទួលសេវាសុខភាពដោយប្រើប្រាស់ប័ណ្ណនេះទៀតនោះគឺកាន់តែប្រសើរ ព្រោះបានកាត់បន្ថយចំណាយថែមមួយកម្រិតទៀត៕