រំលងទៅមាតិកា

យុទ្ធនាការ ១៦ ថ្ងៃ “ពង្រឹងភាពអង់អាចស្ត្រីជនបទ និងយុវកសិករដើម្បីប្រព័ន្ធស្បៀង”

យុទ្ធនាការ ១៦ ថ្ងៃ “ពង្រឹងភាពអង់អាចស្ត្រីជនបទ និងយុវកសិករដើម្បីប្រព័ន្ធស្បៀង”

តាកែវ៖ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានរៀបចំយុទ្ធនាការជាសកល ១៦ ថ្ងៃ ក្នុងប្រធានបទ “ពង្រឹងភាពអង់អាចស្ត្រីជនបទ និងយុវកសិករដើម្បីប្រព័ន្ធស្បៀង” នៅខេត្តតាកែវ។

យុទ្ធនាការនេះបានប្រព្រឹត្តទៅនៅសហគមន៍កសិករកណ្ដាល និងសហគមន៍កុកតារៀ ឃុំរវៀង ស្រុកសំរោង ដោយមានការចូលរួមយ៉ាងសកម្មពីសមាជិកសហគមន៍ គណៈកម្មការ សកម្មជន ស្ត្រីជនបទ និងយុវកសិករមូលដ្ឋានជាច្រើនរូប។

 

ក្នុងឱកាសនោះ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានថ្លែងថា “នេះជាយុទ្ធនាការមួយដែលមានគោលបំណងជំរុញប្រព័ន្ធស្បៀងនៅកម្ពុជា។ យុទ្ធនាការឆ្នាំនេះផ្តោតលើតួនាទីសំខាន់របស់កសិករ កម្មករ យុវជន និងស្ត្រី ក្នុងវិស័យកសិ-ស្បៀង និងចំការដើម្បីបង្កើនភាពធន់ក្នុងប្រព័ន្ធស្បៀង។ ក្នុងបរិបទនៃវិបត្តិអត់ឃ្លាន ភាពក្រីក្រ ការខ្វះដីធ្វើកសិកម្ម មុខរបរមិនមានប្រាក់ឈ្នួលសមរម្យ ការងារគ្មានសុវត្ថិភាព និងបម្រែបម្រួលអាកាសធាតុ ក្រុមប្រជាពលរដ្ឋទាំងនេះកំពុងសកម្មក្នុងការលើកកម្ពស់ក្សេត្របរិស្ថាន និងប្រព័ន្ធគាំពារសង្គម ជាជំហានដើម្បីដោះស្រាយវិបត្តិអាកាសធាតុ និងធានាជីវភាពប្រកបដោយសុវត្ថិភាព និងភាពធន់។ អំឡុងពេលយុទ្ធនាការ ពួកគេក៏បានបន្លឺសំឡេងទាមទារសិទ្ធិមុខរបរ សិទ្ធិទទួលបានសុខភាព ស្បៀងអាហារ យុត្តិធម៌សង្គម និងការគាំពារសង្គម ដើម្បីការពារកម្មករ កសិករ និងសហគមន៍ដែលងាយរងគ្រោះពីការបាត់បង់ចំណូល ហានិភ័យសុខភាព និងគ្រោះថ្នាក់ការងារ។”

 

ក្នុងនោះដែរ អ្នកស្រី សេង ណាគិម តំណាងសហគមន៍ស្ត្រីសាមគ្គី ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បានបញ្ជាក់ថា៖ “បម្រែបម្រួលអាកាសធាតុ ដូចជា ភាពក្តៅក្រហាយ រលកភ្លៀងខ្លាំង និងសំណឹកទឹក បង្កផលប៉ះពាល់ដល់ផលផលិតកសិកម្ម និងសុវត្ថិភាពស្បៀង។ កម្មករចំការ និងកម្មករផ្នែកប្រព័ន្ធស្បៀងដែលពឹងផ្អែកលើកសិកម្ម និងធនធានធម្មជាតិ កំពុងរងគ្រោះយ៉ាងខ្លាំង ព្រមទាំងជួបការខ្វះប្រព័ន្ធសង្គម និងការគាំទ្រពីរដ្ឋាភិបាល។”

យុទ្ធនាការនេះមានគោលបំណងសំខាន់ចំនួនបី៖

១. ផ្តល់ឱកាស ដល់ស្ត្រីជនបទ យុវកសិករ ជនជាតិដើមភាគតិច កសិករ សហគមន៍ បណ្តាញ និងសមាគម ដើម្បីលើកសំឡេងអំពីបញ្ហាប្រព័ន្ធស្បៀងដែលទាក់ទងនឹងដីធ្លី ធនធានធម្មជាតិ យុត្តិធម៌បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការគាំពារសង្គម។

២. បង្កើនកិច្ចសហការ រវាងរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីឆ្លើយតបតាមយេនឌ័រ និងសិទ្ធិរបស់សហគមន៍ក្នុងការប្រើប្រាស់ធនធានធម្មជាតិ ការធានាស្បៀងអាហារ និងការគាំពារសង្គម។

៣. លើកកម្ពស់ការយល់ដឹង អំពីគោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធស្បៀង បញ្ហាថ្នាំពុល និងជីគីមី ដែលប៉ះពាល់ដល់សុខភាព និងបរិស្ថាន។

 

យុទ្ធនាការ ១៦ ថ្ងៃនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកសំខាន់ក្នុងការលើកកម្ពស់តួនាទីស្ត្រីជនបទ និងយុវកសិករ ព្រមទាំងជំរុញឱ្យមានប្រព័ន្ធស្បៀងប្រកបដោយនិរន្តរភាព និងសមធម៌នៅកម្ពុជា។