យុទ្ធនាការជាសកល១៦ថ្ងៃ កសិករដើម្បីគាំពារសង្គម សិទ្ធិដីធ្លី និងយុត្តិធម៌បរិស្ថាន
នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សមាជិកសហគមន៍ត្រពាំងជោរ ស្តិតនៅក្នុងភូមិល្ងឹម ឃុំត្រពាំងជោរ ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ បានជួបជុំគ្នារៀបចំយុទ្ធនាការជាសកល១៦ថ្ងៃ កសិករដើម្បីគាំពារសង្គម សិទ្ធិដីធ្លី និងយុត្តិធម៌បរិស្ថាន។ ការរៀបចំយុទ្ធនាការនេះធ្វើឡើងដោយមានការចូលរួមពីសំណាក់ លោកក្រុមប្រឹក្សាឃុំត្រពាំងជោរ តំណាងសហគមន៍នៅក្នុងឃុំ និងតំណាងពីអង្គការសង្គមសង្គមស៊ីវិល និងសមាជិកនៅក្នុងសហគមន៍សរុបប្រមាណជាង៣០០នាក់ មកពីភូមិចំនួន១៤ក្នុងឃុំត្រពាំងជោរ។
នៅក្នុងកិច្ចបើកនៃកម្មវិធី លោក ប៊ុន វិចិត្រ ក្រុមប្រឹក្សាឃុំត្រពាំងជោរ បានលើកឡើងថា លោកពិតជាមានសេចក្ដីរីករាយណាស់ដែលបានមកចូលរួមជាមួយនឹងបងប្អូនទាំងអសគ្នា នៅក្នុងការរៀបចំនូវយុទ្ធនាការ១៦ថ្ងៃនេះ ក៏ដូចជាទិវាសិទ្ធិលំនៅដ្ឋាន។ លោកបានលើកឡើងបន្តថា នេះជាសិទ្ធិរបស់បងប្អូនទាំងអស់គ្នាក្នុងការចូលរួមដោយគ្មានការបង្ខិតបង្ខំអ្វីឡើង ព្រោះបងប្អូនមានសិទ្ធិក្នុងការស្វែងយល់អំពីបញ្ហា និងការដោះស្រាយនៅក្នុងសហគមន៍របស់បងប្អូន។ លើសពីនេះលោកក៏បានលើកឡើងអំពីបញ្ហាគាំពារសង្គមដោយឲ្យបងប្អូនដែលមានបណ្ណបសស ដែលទើបសម្រាលកូនរួចត្រូវប្រញាប់ទៅធ្វើសំបុត្រកំណើតកូន ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីបសសក្រោយសម្រាប់ ជាពិសេសបងប្អូនដែលមានជីវភាពក្រលំបាកពិតប្រាកដត្រូវស្វែងរកការសុំជំនួយ និងការធ្វើបណ្ណក្រីក្រនៅតាមសាលាឃុំ។ ចំពោះលោកផ្ទាល់ក៏ខិតខំប្រឹងប្រែងក្នុងការជួយដល់ប្រជាពលរដ្ឋនៅក្នុងឃុំ ដើម្បីទទួលបានសេវាគាំពារសង្គមឲ្យបានគ្រប់គ្នា។
លោក សឹង សុខុម ប្រធានសហគមន៍ត្រពាំងជោរបានលើកឡើងថា នៅក្នុងយុទ្ធនាការជាសកល១៦ថ្ងៃ ស្ដីពី កសិករដើម្បីគាំពារសង្គម សិទ្ធិដីធ្លី និងយុត្តិធម៌បរិស្ថាននេះ លោកក៏បានជម្រុញឲ្យសមាជិកសហគមន៍ទាំងអស់ចូលរួមក្នុងការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ហើយលោកថែមទាំងបានស្នើសុំឲ្យពលរដ្ឋនៅក្នុងឃុំត្រពាំងជោរទាំងមូលចូលរួមក្នុងយុទ្ធនាការសម្អាតភូមិឃុំជាមួយលោកថែមទៀតផង ។ជាមួយគ្នានេះលោកក៏បានលើកឡើងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ណមូលនិធិសមធម៌សុខាភិបាលដល់សមាជិកសហគមន៍ ដើម្បីឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋនានា។
សូមបញ្ជាក់ថា យុទ្ធនាការជាសកល១៦ថ្ងៃ ស្ដីពី កសិករដើម្បីគាំពារសង្គម សិទ្ធិដីធ្លី និងយុត្តិធម៌បរិស្ថាននេះជាព្រឹត្តិការណ៍យុទ្ធនាការនៅតាមសហគមន៍គោលដៅរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលបានរៀបចំឡើងពីថ្ងៃទី១ដល់ថ្ងៃទី១៦ ខែតុលា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជម្រុញ និងស្វែងរកនូវការផ្ដល់សិទ្ធិអំណាចដល់ពលរដ្ឋសហគមន៍ ជាពិសេសកសិករ ឲ្យពួកគាត់រួមគ្នាក្នុងការទទួលបានប្រព័ន្ធគាំពារសង្គម ទទួលបាននុវដំណោះស្រាយដីធ្លីសមរម្យ និងការចូលរួមលើកកម្ពស់និរន្តភាពបរិស្ថាន និងភាពធននឹងអាកាសធាតុនៅក្នុងសហគមន៍មូលដ្ឋាន។