រំលងទៅមាតិកា

CCFC ចុះជួបប្រជុំចងក្រង និងពង្រឹងសិទ្ធិអំណាចស្ត្រីជនបទក្នុងវិស័យកសិស្បៀងអាហារ

CCFC ចុះជួបប្រជុំចងក្រង និងពង្រឹងសិទ្ធិអំណាចស្ត្រីជនបទក្នុងវិស័យកសិស្បៀងអាហារ
ស្វាយរៀង៖ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) រួមជាមួយសមាជិកបណ្ដាញកសិករខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានចុះជួបប្រជុំ និងចងក្រងកសិករជាស្ត្រីជនបទនៅសហគមន៍ព្រៃចំបក់ ស្ថិតក្នុងឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ក្នុងគោលបំណងពង្រឹងសិទ្ធិអំណាចស្ត្រី លើកកម្ពស់សិទ្ធិកសិករ និងជំរុញការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍសហគមន៍ជនបទប្រកបដោយចីរភាព។
 
កិច្ចប្រជុំនេះមានការចូលរួមពីកសិករក្នុងមូលដ្ឋានសរុបចំនួន ២៧នាក់ ក្នុងនោះស្ត្រីមានចំនួន ២៦នាក់ ដែលបង្ហាញពីតួនាទីដ៏សំខាន់ និងការប្តេជ្ញាចិត្តរបស់ស្ត្រីជនបទក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្ម សន្តិសុខស្បៀងអាហារ និងសេដ្ឋកិច្ចគ្រួសារ។
 
ក្នុងអំឡុងកិច្ចប្រជុំ ក្រុមការងារ CCFC បានប្រមូលព័ត៌មាន និងស្តាប់ដោយផ្ទាល់នូវបញ្ហាប្រឈម ក្តីកង្វល់ និងតម្រូវការជាក់ស្តែងរបស់ស្ត្រីកសិករ ជាពិសេសបញ្ហាពាក់ព័ន្ធនឹងការផលិតស្បៀងអាហារ ការធ្លាក់ចុះនៃទិន្នផលកសិកម្ម ការខ្វះខាតធនធានផលិត ការចូលប្រើប្រាស់ទីផ្សារ និងផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ និងអាកាសធាតុមិនទៀងទាត់ ដែលកំពុងបង្កការលំបាកដល់ជីវភាពរស់នៅរបស់គ្រួសារកសិករ។
 
ជាមួយគ្នានេះ ក្រុមការងារបានពិភាក្សា និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃការបង្កើត និងពង្រឹងបណ្តាញស្ត្រីជនបទ ដើម្បីលើកកម្ពស់សមត្ថភាពភាពជាអ្នកដឹកនាំ ការចូលរួមក្នុងការសម្រេចចិត្ត និងការទទួលបានសិទ្ធិស្មើភាពក្នុងវិស័យកសិកម្ម។ ស្ត្រីជនបទត្រូវបានចាត់ទុកជាកម្លាំងស្នូលក្នុងការផលិតស្បៀងអាហារ និងការធានាសន្តិសុខស្បៀងអាហារនៅថ្នាក់គ្រួសារ និងសហគមន៍ ដូច្នេះការវិនិយោគលើសមត្ថភាព និងសិទ្ធិរបស់ពួកគាត់ គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍជនបទប្រកបដោយបរិយាបន្ន។
 
កិច្ចប្រជុំក៏បានលើកឡើងពីសារៈសំខាន់នៃការពង្រីកការទទួលបានប្រព័ន្ធគាំពារសង្គមសម្រាប់ស្ត្រីកសិករ រួមមានសេវាធានារ៉ាប់រងសុខភាព ការគាំទ្រក្នុងពេលជួបគ្រោះមហន្តរាយ និងកម្មវិធីសុវត្ថិភាពសង្គមផ្សេងៗ ដើម្បីជួយកាត់បន្ថយភាពងាយរងគ្រោះ និងបង្កើនភាពធន់របស់គ្រួសារកសិករនៅជនបទ។ ទន្ទឹមនឹងនេះ ការថែទាំសុខភាពស្ត្រី កុមារ និងមនុស្សចាស់ក្នុងសហគមន៍ ក៏ត្រូវបានលើកឡើងជាប្រធានបទសំខាន់ ដោយសារសុខភាពល្អគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជីវភាព និងការផលិតកសិកម្មប្រកបដោយប្រសិទ្ធភាព។
 
លើសពីនេះ ក្រុមស្ត្រីកសិករបានពិភាក្សាអំពីវិធានការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព ការគ្រប់គ្រងធនធានទឹក ការប្រើប្រាស់ពូជដំណាំដែលធន់នឹងអាកាសធាតុ និងការចូលរួមក្នុងសកម្មភាពការពារបរិស្ថាន ដើម្បីបង្កើនភាពធន់នៃប្រព័ន្ធផលិតកម្មកសិកម្មនៅថ្នាក់សហគមន៍។
 
ជាចុងក្រោយ កិច្ចប្រជុំបានផ្តោតលើការរៀបចំរចនាសម្ព័ន្ធដឹកនាំរបស់ក្រុមស្ត្រី និងការជ្រើសរើសតំណាងស្ត្រីចូលរួមក្នុងគណៈកម្មការគ្រប់គ្រងសហគមន៍។ ការបង្កើនតំណាងស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្ត ត្រូវបានមើលឃើញថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់សិទ្ធិកសិករ ការការពារផលប្រយោជន៍របស់ស្ត្រីជនបទ និងការជំរុញការអភិវឌ្ឍសហគមន៍ប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។
 
CCFC បានបញ្ជាក់ថា ការពង្រឹងអង្គការស្ត្រីជនបទ និងការបង្កើនសំឡេងរបស់ស្ត្រីក្នុងវិស័យកសិកម្ម មិនត្រឹមតែជួយដល់ការលើកកម្ពស់សិទ្ធិ និងជីវភាពរបស់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការធានាសន្តិសុខស្បៀងអាហារ ការពង្រឹងប្រព័ន្ធគាំពារសង្គម ការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍជនបទប្រកបដោយចីរភាពសម្រាប់ប្រជាកសិករកម្ពុជាទាំងមូល៕