យុទ្ធនាការសប្តាហ៍គាំពារសង្គម ខេត្តកំពង់ធំ
នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមកសិករជនបទ ស្រ្តីជនបទ យុវកសិករ សហការជាមួយ សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) សហភាពការងារកម្ពុជា (CLC) និងអង្គការបន្ទាយស្រី (BS) រួមជាមួយនឹងកសិករ និងកម្មករជាស្ត្រីស្ថិតនៅសហគមន៍ស្រ្តីសាមគ្គី ស្រុកស្ទោង ខេត្តកំពង់ធំ បានរៀបចំ យុទ្ធនាការសប្តាហ៍គាំពារសង្គមក្រោមមូលបទ"កម្មករ កសិករស្រ្តីក្នុងវិស័យកសិ~ស្បៀងអាហារត្រូវការគាំពារសង្គម"។
យុទ្ធនាការសប្តាហ៍គាំពារសង្គមរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមនៃកិច្ចគាំពារសង្គមដែលកម្មករ និងកសិករជាស្រ្តី ជួបប្រទះក្នុងវិស័យកសិ-ស្បៀងអាហារក្នុងចំណោមអ្នកបង្កើតគោលនយោបាយ អ្នកពាក់ព័ន្ធ និងសាធារណៈជន។ ជាមួយផ្តល់ភាពអ់អាចដល់កម្មករ និងកសិករជាស្រ្តី ឱ្យទទួលបានកិច្ចគាំពារសង្គមដែលមានស្រាប់ និងសិទ្ធិរបស់ពួកគេតាមរៈសកម្មភាពតស៊ូមតិសម្រាប់ជម្រុញការកំណែទម្រង់គោលនយោបាយ ដោយដាក់បញ្ចូលមតិយោបល់ដែលប្រមូលបានពីសាធារណៈ និងស្ថាប័នពាក់ព័នសម្រាប់ប្រព័ន្ធគាំពារសង្គមដែលឆ្លើយតបទៅនឹងយេនឌ័រ និងបរិយាប័ន្ន។ និងដើម្បីជំរុញកិច្ចសហប្រតិបត្តិការដោយពង្រឹងភាពជាដៃគូរក្នុងចំណោមអង្គការសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធអន្តរជាតិ ដើម្បីដោះស្រាយគម្លាតនៃកិច្ចគាំពារសង្គម។
តាមរយៈគំនិតផ្តួចផ្តើមនេះ កសិករ និងកម្មករជាស្ត្រីរួមទាំងសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) សហភាពការងារកម្ពុជា (CLC) និងអង្គការបន្ទាយស្រី (BS) ផ្ដល់វេទិការនៃការពង្រីកសម្លេងរបស់ស្ត្រី និងយុវកសិករនៅតាមជនបទដោយដាក់សំណើរ ក្ដីកង្វល់ជូនក្រុមប្រឹក្សាជាតិគាំពារសង្គម រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយវិសមភាពជាប្រព័ន្ធ និងជំរុញការផ្លាស់ប្តូរប្រកបដោយបរិយាប័ន្ននៅក្នុងក្របខណ្ឌគាំពារសង្គមរបស់កម្ពុជា។
