រំលងទៅមាតិកា

សហគមន៍កសិករ យុវកសិករ និងស្ត្រីជនបទចំនួនជាង ៤ពាន់នាក់ចូលរួមយុទ្ធនាការ ១៦ថ្ងៃ

សហគមន៍កសិករ យុវកសិករ និងស្ត្រីជនបទចំនួនជាង ៤ពាន់នាក់ចូលរួមយុទ្ធនាការ ១៦ថ្ងៃ

យុទ្ធនាការជាសកល១៦ថ្ងៃស្ដីពី «កសិករដើម្បីគាំពារសង្គម សិទ្ធិដីធ្លី និងយុត្តិធម៌បរិស្ថាន» ឆ្នាំ២០២៤ នៅតាមតំបន់គោលដៅរបស់សមាគមទាំង១៤ខេត្ត កោះកុង ព្រះសីហនុ ស្វាយរៀង កំពង់ស្ពឺ កំពត ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ សៀមរាប តាកែវ កណ្ដាល កំពង់ចាម និងព្រៃវែង ដែលមានអ្នកចូលរួមសរុបចំនួនជាង ៤ពាន់នាក់ ស្ថិតនៅទីតាំងចំនួន ២៩ផ្សេងគ្នាដោយសកម្មភាពមានដូចជា យុទ្ធនាការតាមប្រព័ន្ធបណ្ដាញសង្គម(Social Media)ជួបប្រជុំគ្នាចែករំលែក ពិភាក្សា និងជជែកអំពី សកម្មភាព គាំពារសង្គម និងដីធ្លីប្រធានបទ«កសិករដើម្បីគាំពារសង្គម សិទ្ធិដីធ្លី និងយុត្តិធម៌បរិស្ថាន»ទាំងផ្លូវការ និងក្រៅផ្លូវការ វេទិកាវាងកសិករជាមួយស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគមន៍ និងកិច្ចសនន្ទាសង្គមឆ្ពោះទៅរកការឆ្លើយតប និងដំណោះស្រាយ។

យុទ្ធនាការ១៦ថ្ងៃ ឆ្នាំ២០២៤ ជាព្រឹត្តិការណ៍យុទ្ធនាការនៅតាមសហគមន៍គោលដៅរបស់សមាគមក៏ដូចជាការផ្សព្វផ្សាយតាមបណ្ដាញសង្គម ក្នុងការជំរុញ និងស្វែងរកនូវការផ្ដល់សិទ្ធិអំណាចដល់ពលរដ្ឋសហគមន៍ ជាពិសេសកសិករ ឱ្យពួកគេរួមគ្នា ក្នុងការទទួលបានប្រព័ន្ធគាំពារសង្គម ទទួលបាននូវដំណោះស្រាយដីធ្លីសមរម្យ និងការចូលរួមលើកកម្ពស់និរន្តរភាពបរិស្ថាន និងភាពធន់នឹងអាកាសធាតុនៅក្នុងសហគមន៍របស់ពួកគេ ក្នុងគោលបំណង

  1. ដើម្បីផ្តល់ឱកាសដល់យុវជនកសិករ ស្ត្រីជនបទ ជនជាតិដើមភាគតិច កសិករ/សហគមន៍/បណ្ដាញនិងសមាគម ដែលចង់បង្ហាញ និងលើកឡើងពីបញ្ហាដីធ្លី ការបាត់បង់ធនធានធម្មជាតិ យុត្តិធម៌បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ កិច្ចគាំពារសង្គម កង្វល់ និងតម្រូវការក្នុងវិស័យគោលនយោបាយឆ្លើយតបទៅការរស់នៅតាមតំបន់គោលដៅ។
  2. ដើម្បីបង្កើនកិច្ចសហការរវាងរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអ្នកមានកាតព្វកិច្ចឱ្យគិតគូរដល់តម្រូវការ និងកង្វល់របស់សហគមន៍ដែលទាក់ទងនឹងបរិស្ថាន សិទ្ធិអាស្រ័យផលធនធានធម្មជាតិ ប្រព័ន្ធគាំពារសង្គម សកម្មភាពបរិស្ថាន និងសិទ្ធិដីធ្លី ជាពិសេសជាឱកាសមួយសម្រាប់បរិយាកាសអំណោយផលដល់អ្នកចូលរួមឱ្យធ្វើការសហការដើម្បីដោះស្រាយ ឆ្លើយតបបញ្ហារួមគ្នា ។
  3. ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធគ្រប់កម្រិត-អាជ្ញាធរ ប្រជាពលរដ្ឋសហគមន៍សហការជាមួយគ្នាក្នុងការជំរុញការដោះស្រាយបញ្ហារបស់សហគមន៍ប្រកដោយដោយនិរន្តភាព ចេរភាព តម្លាភាព គណនេយ្យភាព និងផ្តល់នូវភាពស្របច្បាប់ក្នុងកិច្ចការងារពារបរិស្ថាន គាំពារសង្គម និងសិទ្ធិដីធ្លី។